មានពេលមួយ ខ្ញុំបានធ្វើដំណើរជាមួយក្រុមបុរស ដែលជាមិត្តភ័ក្តរបស់យើង។ ពេលនោះ យើងបានឃើញមនុស្សមួយគ្រួសារកំពុងជាប់គាំងដំណើរ នៅតាមផ្លូវ។ មិត្តភ័ក្ររបស់ខ្ញុំក៏ប្រញាប់អែបឡាន ដើម្បីសួរនាំពួកគេ។ ពួកគេបានជួយធ្វើឲ្យឡានរបស់គ្រួសារមួយនេះឆេះឡើងវិញ ហើយក៏បានជជែកគ្នាជាមួយបុរស និងស្ត្រីដែលជាឪពុកម្តាយរបស់គ្រួសារនោះ ហើយក៏បានឲ្យលុយទៅពួកគេខ្លះ សម្រាប់ចាក់សាំង។ ស្រ្តីជាម្តាយក៏បានអរគុណពួកគេហើយ អរគុណទៀត បានជាពួកគេឆ្លើយតបថា “យើងមានចិត្តរីករាយ នៅក្នុងការជួយ ហើយយើងជួយគ្រួសារអ្នក ដោយនូវព្រះនាមព្រះយេស៊ូវ”។ ពេលដែលយើងបើកឡានចេញទៅ ខ្ញុំក៏បានគិតអំពីការដែលមិត្តភ័ក្ររបស់ខ្ញុំទាំងប៉ុន្មាននាក់នេះ ចូលចិត្តជួយអ្នកដែលត្រូវការជំនួយ ជាធម្មតាទៅហើយ ហើយក៏បានថ្វាយការសរសើរដល់ព្រះ ដែលជាប្រភពនៃភាពសប្បុរសរបស់ពួកគេ។
សាវ័កពេត្រុស និងសាវ័កយ៉ូហាន ក៏បានបង្ហាញចេញនូវភាពសប្បុរស ដោយអំណររីករាយ ពេលដែលពួកគេបានប្រោសមនុស្សខ្វិនម្នាក់ ដែលកំពុងសុំទាននៅខាងក្រៅព្រះវិហារយេរូសាឡិម(កិច្ចការ ៣:១-១០)។ ការនេះបានបណ្តាលឲ្យគេចាប់ខ្លួនអ្នកទាំងពីរ ហើយត្រូវពួកអាជ្ញាធរសួរថា “ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះណា?” នោះពេត្រុសក៏ជម្រាបថា “សិនជាលោកអ្នករាល់គ្នា គិតពិចារណាសួរយើងខ្ញុំ ពីដំណើរការល្អ ដែលបានធ្វើដល់មនុស្សពិការនោះថា គាត់បានជាដោយសារអ្វី នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផងថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ”(កិច្ចការ ៤:៧-១០)។
ភាពសប្បុរស ជាផលផ្លែនៃព្រះវិញ្ញាណ(កាឡាទី ៥:២២) ហើយយើងអាចនិយាយទៅកាន់អ្នកដទៃ អំពីព្រះអម្ចាស់នៃយើង ដោយចិត្តសប្បុរសនេះឯង។-David McCasland