កាលពីពីរបីថ្ងៃមុន ខ្ញុំបានសង្កេតមើលលោកបប់(Bob) ដែលជាមិត្តភ័ក្តរបស់ខ្ញុំ កំពុងធាក់កង់ យ៉ាងញាប់ជើង ក្នុងកន្លែងហាត់ប្រាណ ក្នុងតំបន់ដែលយើងរស់នៅ ហើយគាត់បានមើលទៅឧបករណ៍វាស់សម្ពាធឈាម នៅលើម្រាមដៃគាត់។
ឃើញដូច្នោះ ខ្ញុំក៏សួរគាត់ថា “អ្នកកំពុងធ្វើអ្វី?”
គាត់ក៏ឆ្លើយដោយសម្លេងអ៊ូៗថា “ខ្ញុំកំពុងតែចាំមើលថា ខ្ញុំនៅរស់អត់”។
ខ្ញុំក៏តបគាត់វិញថា “បើសិនជាអ្នកបានដឹងថា ខ្លួនឯងបានស្លាប់ហើយ តើអ្នកនឹងធ្វើដូចម្តេច?”
គាត់ឆ្លើយ ដោយទឹកមុខញញឹមថា “ខ្ញុំនឹងស្រែកថា ហាលេលូយ៉ា!”
ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានសង្កេតមើលកម្លាំងដ៏ខ្លាំង ដែលមានក្នុងវិញ្ញាណរបស់លោកបប់ ដែលមានដូចជា ការអត់ធន់ ដែលកំពុងមានការចុះខ្សោយខាងផ្លូវកាយ និងការមិនស្រួលខ្លួន ហើយគាត់ក៏មានក្តីជំនឿ និងក្តីសង្ឃឹម ខណៈពេលដែលដំណើរជីវិតរបស់គាត់កំពុងតែរំកិល ទៅរកចុងបញ្ចប់។ ជាការពិតណាស់ គាត់មិនគ្រាន់តែបានរកឃើញក្តីសង្ឃឹមប៉ុណ្ណោះទេ តែថែមទាំងលែងខ្លាចអំណាចនៃសេចក្តីស្លាប់ទៀតផង!
តើមាននរណាខ្លះ ដែលអាចរកឃើញសន្តិភាព និងក្តីសង្ឃឹម ហើយថែមទាំងមានក្តីអំណរ នៅក្នុងការស្លាប់? គឺមានតែអ្នកដែលបានតភ្ជាប់នឹងព្រះដ៏អស់កល្បជានិច្ច ដោយសេចក្តីជំនឿ និងមានតែអ្នកដែលបានដឹងថា ខ្លួនមានជីវិតអស់កល្បជានិច្ចទេ ដែលអាចធ្វើដូចនេះបាន(១កូរិនថូស ១៥:៥២,៥៤)។ សម្រាប់អ្នកដែលមានទំនុកចិត្តយ៉ាងដូចនេះ សេចក្តីស្លាប់មិនអាចបំភិតបំភ័យពួកគេបានឡើយ គឺមិនខុសពីលោកបប់ ដែលជាមិត្តភ័ក្ររបស់ខ្ញុំទេ។ ពួកគេអាចនិយាយថា ខ្លួននឹងមានអំណរប៉ុណ្ណា ពេលបានជួបព្រះគ្រីស្ទមុខទល់នឹងមុខ។
ហេតុអ្វីយើងខ្លាចសេចក្តីស្លាប់? ហេតុអ្វីបានជាយើងមិនអរសប្បាយ ចំពោះសេចក្តីស្លាប់? គឺដូចដែលលោកចន ដូន(John Donne, ឆ្នាំ១៥៧២ ដល់១៦៣១)ដែលជាអ្នកតែងកំណាព្យ បានមានប្រសាសន៍ថា “យើងនឹងគេងលក់តែមួយភ្លែត ហើយក្រោកដឹងខ្លួនអស់កល្បជានិច្ច”។-Dave Roper