កាលនៅពីក្មេង ខ្ញុំចូលចិត្តជិះក្តារបន្ទះបាស់បើកលេងកម្សាន្ត ក្នុងសួនច្បារនៅក្បែរផ្ទះ។ តាមធម្មតា មានក្មេងពីរនាក់អង្គុយទុលមុខគ្នា នៅខាងចុងរបាវែងម្ខាងម្នាក់ដោយបំបាស់គ្នាឲ្យម្នាក់ឡើងទៅលើ ហើយម្នាក់ធ្លាក់ចុះក្រោមម្តងម្នាក់ៗ។ ជួនកាល អ្នកដែលនៅក្រោម នៅអង្គុយមិនព្រមបំបាស់ខ្លួនឯងឡើងទៅលើ ហើយទុកឲ្យមិត្តភ័ក្ររបស់ខ្លួន នៅជាប់ខាងលើ ហើយស្រែកប្រាប់ឲ្យដាក់គាត់ចុះមកក្រោមវិញ។ ប៉ុន្តែ មានអ្នកខ្លះបានលេងខូចគេ ពេលដែលខ្លួននៅខាងក្រោម ស្រាប់តែរត់ចេញទៅពីបាស់បើក ធ្វើឲ្យអ្នកដែលនៅខាងលើធ្លាក់ចុះមកដីអុកគូទ។
ជួនកាល យើងប្រហែលជាមានអារម្មណ៍ថា ព្រះយេស៊ូវបានធ្វើយ៉ាងដូចនេះ ចំពោះយើងដែរ។ យើងបានទុកចិត្តថា ព្រះអង្គនឹងគង់នៅជាប់ជាមួយយើង ទាំងនៅពេលដែលជីវិតយើងធ្លាក់ចុះ ក៏ដូចជានៅពេលដែលឡើងទៅលើវិញ។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលជីវិតយើងស្រាប់តែធ្លាក់ចុះយ៉ាងគំហុក ធ្វើឲ្យយើងឈឺចាប់ ទាំងមានស្លាកស្នាមផងនោះ យើងប្រហែលជាមានអារម្មណ៍ថា ព្រះអង្គហាក់ដូចជាបានដើរចេញពីយើង ដោយទុកឲ្យជីវិតយើងធ្លាក់ចុះយ៉ាងគំហុក។
ប៉ុន្តែ បទគម្ពីរបរិទេវ ជំពូក៣ បានរំឭកយើងថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ”(ខ.២២) ហើយព្រះទ្រង់មានព្រះទ័យស្មោះត្រង់ជានិច្ច ពេលដែលអ្វីៗហាក់ដូចជារលាយអស់។ បានសេចក្តីថា នៅពេលដែលយើងកំពុងមានការឈឺចាប់ យើងមិននៅម្នាក់ឯងឡើយ ទោះយើងមានអារម្មណ៍ឯកកោយ៉ាងណាក៏ដោយ។ ហើយទោះយើងមានអារម្មណ៍ថា ព្រះអង្គមិនបានគង់នៅក្បែរយើងក៏ដោយ ក៏ព្រះអង្គនៅតែគង់ជាប់ជាមួយ ក្នុងនាមជាអ្នករួមដំណើរដ៏ស្មោះត្រង់ ដែលមិនដែលដើរចេញពីយើង ឬបោះបង់ចោលយើងឡើយ!-Joe Stowell