មានពេលមួយលោកឧត្តម្ភសេនីយ លូ វលលេស(Lew Wallace) នៃកងទ័ពសហព័ន្ធ បានជួបលោកវរសេនីយ រ៉ូបឺត អ៊ីងហ្គ័រសូល(Robert Ingersoll) ពេលដែលគាត់កំពុងធ្វើដំណើរតាមរថភ្លើង បន្ទាប់ពីសង្រ្គាមស៊ីវិលអាមេរិកបានបញ្ចប់ បានពីរបីឆ្នាំ។ ក្នុងសតវត្សរ៍ទី១៩ លោកអ៊ីងហ្គ័រសូល ស្ថិតក្នុងចំណោមអ្នកដែលនាំមុខគេ ក្នុងការមិនជឿថាព្រះមានពិតមែន ហើយលោកវលលេសជាបុរសនៃសេចក្តីជំនឿ។ ពេលដែលការសន្ទនារបស់ពួកគេ បានឈានចូលដល់ការជជែកគ្នាអំពីភាពខុសគ្នាខាងវិញ្ញាណ លោកវលលេសក៏បានដឹងខ្លួនថា គាត់មិនអាចឆ្លើយសំណួរ និងបកស្រាយចម្ងល់របស់លោកអ៊ីនហ្គ័រសូលបានទេ។ លោកវលលេស មានការអៀនខ្មាស់ ដោយសារការខ្វះការយល់ដឹង អំពីក្តីជំនឿរបស់ខ្លួន បានជាគាត់ចាប់ផ្តើមរកមើលចម្លើយ ក្នុងព្រះគម្ពីរ។ ក្រោយមក ការនេះបាននាំឲ្យគាត់និពន្ធសៀវភៅរឿងប្រលោមលោកដ៏ល្បីល្បាញមួយក្បាល មានចំណងជើងថា ប៊េន ហ៊រ(Ben-Hur): ជារឿងនិទាន អំពីព្រះគ្រីស្ទ ដែលនៅក្នុងនោះ គាត់បានប្រកាស់ដោយចិត្តជឿជាក់ អំពីព្រះអង្គសង្រ្គោះ។
យើងមិនត្រូវឲ្យជំនឿរបស់យើងចុះខ្សោយ ដោយសារសំណួររបស់អ្នកមិនជឿព្រះឡើយ។ ផ្ទុយទៅវិញ សំណួរទាំងនោះអាចនាំឲ្យយើងមានការស្វែងយល់កាន់តែស៊ីជម្រៅ ហើយបង្រៀនយើងឲ្យចេះឆ្លើយតប ដោយប្រាជ្ញា និងសេចក្តីស្រឡាញ់ ដល់អ្នកដែលចោទសួរ អំពីសេចក្តីជំនឿរបស់យើង។ សាវ័កពេត្រុសបានលើកទឹកចិត្តយើង ឲ្យដេញតាមប្រាជ្ញារបស់ព្រះ ក្នុងព្រះគម្ពីរ គឺដូចដែលមានសេចក្តីចែងថា “ចូរប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា”(១ពេត្រុស ៣:១៥)។
យើងមិនអាចឆ្លើយសំណួរបានទាំងអស់ឡើយ ប៉ុន្តែ យើងត្រូវការសេចក្តីក្លាហាន ទំនុកចិត្ត និងការប៉ះពាល់ចិត្ត ឲ្យចែកចាយសេចក្តីស្រឡាញ់ ដែលយើងមានចំពោះព្រះគ្រីស្ទ និងអំពីសេចក្តីសង្ឃឹមដែលនៅក្នុងចិត្តយើង។-Bill Crowder