ពេលលោករេមប្រិន(Rembrandt) មានអាយុ២៧ឆ្នាំ គាត់បានគូរគំនូទេសភាពសមុទ្រមួយផ្ទាំង ដោយដាក់ចំណងជើងថា ព្រះយេស៊ូវ នៅក្នុងព្យុះនៅសមុទ្រកាលីឡេ ដែលផ្អែកទៅលើរឿង ដែលមានចែងក្នុងបទគម្ពីរម៉ាកុស ជំពូក៤។ លោករេមប្រិនបានដាក់ពន្លឺ និងស្រមោលក្នុងផ្ទាំងគំនូរនេះយ៉ាងច្បាស់ ដើម្បីបង្ហាញថា មានទូកតូចមួយ កំពុងទទួលរងការគំរាមកំហែង ពីវិនាសកម្មនៃខ្យល់ព្យុះដ៏កំណាច។ ខណៈពេលដែលពួកសិស្សកំពុងតែទប់ខ្លួន ពេលដែលមានខ្យល់ និងរលកបក់បោកមកខ្លាំង ព្រះយេស៊ូវនៅផ្ទុំលក់ ដោយគ្មានការភ្ញាក់ផ្អើលអ្វីទាំងអស់។ ប៉ុន្តែ អ្វីដែលចំឡែកបំផុតនោះ គឺក្នុងផ្ទាំងគំនូនោះ គេឃើញ មានសាវ័ក១៣នាក់ បានជាអ្នកឯកទេសផ្ទែកសិល្បៈបាននិយាយថា រូបអ្នកទី១៣នោះ គឺជាលោករេមប្រិននោះឯង។
ដំណឹងល្អតាមលោកម៉ាកុស បានពិពណ៌នា អំពីការដែលព្រះយេស៊ូវបានបង្រៀនពួកសាវ័កយ៉ាងច្បាស់ថា ព្រះអង្គជានរណា ហើយព្រះអង្គអាចធ្វើអ្វីបាន។ ពេលដែលពួកគេកំពុងព្យាយាមទប់ទូកមិនឲ្យលិច ទាំងជ្រួលច្របល់ ព្រះយេស៊ូវកំពុងផ្ទុំលក់យ៉ាងសុខសាន្ត។ តើព្រះអង្គមិនខ្វល់ទេឬថា ពួកគេជិតស្លាប់ហើយ?(ខ.៣៨) ពេលដែលព្រះយេស៊ូវបានធ្វើឲ្យខ្យល់ព្យុះស្ងប់ហើយ(ខ.៣៩) ព្រះអង្គបានសួរពួកគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្តីជំនឿ?”(ខ.៤០) បន្ទាប់មក ពួកគេមានសេចក្តីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា “ដូច្នេះ តើលោកនេះជាអ្វី បានជាខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ”(ខ.៤១)។
យើងក៏អាចចូលទៅក្នុងរឿងនេះ ហើយរកឃើញថា ព្រះយេស៊ូវគ្រីស្ទកំពុងបើកបង្ហាញមនុស្សម្នាក់ៗ ដែលទុកចិត្តព្រះអង្គ ឲ្យឃើញព្រះវត្តមាន សេចក្តីអាណិត និងការគ្រប់គ្រងរបស់ព្រះអង្គ ក្នុងខ្យល់ព្យុះទាំងអស់នៃជីវិតរបស់យើង គឺដូចដែលព្រះអង្គបានបង្ហាញពួកសាវ័ក។-David McCasland