រៀបចំឲ្យមានសណ្តាប់ធ្នាប់
សណ្តាប់ធ្នាប់មិនកើតមានដោយឯកឯងឡើយ។ ពេលខ្ញុំធ្វើការសង្កេតមើលអ្វីៗ នៅជុំវិញខ្លួនខ្ញុំ ខ្ញុំជឿថា នេះជាការពិតមែន។ ពេលដែលខ្ញុំពិចារណា អំពីការិយាល័យរបស់ខ្ញុំ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា វាពិតជាងាយនឹងមានភាពរញេរញ៉ៃប៉ុណ្ណា ហើយតើខ្ញុំត្រូវចំណាយពេលយូរប៉ុណ្ណា ដើម្បីរៀបចំឲ្យមានរបៀបរៀបរយឡើងវិញ។ សណ្តាប់ធ្នាប់តម្រូវឲ្យមានការរៀបចំ។ វាមិនកើតឡើង ដោយឯកឯងឡើយ។
ដូចនេះ ខ្ញុំមិនគួរមានការភ្ញាក់ផ្អើល ចំពោះបញ្ហានេះទេ។ ព្រះគម្ពីរបានចែង អំពីការដែលព្រះមានតួនាទី នៅក្នុងការធ្វើឲ្យភាពរញេរញ៉ៃ ក្លាយជាមានសណ្តាប់ធ្នាប់ ដែលនោះជាខ្លឹមសាដ៏សំខាន់មួយ ក្នុងព្រះគម្ពីរ។ ព្រះអង្គបានរៀបចំឲ្យមានសណ្តាប់ធ្នាប់ ពេលដែលព្រះអង្គបង្កើតប្រជាជាតិអ៊ីស្រាអែល(និក្ខមនំ ៧-១៤)។ ពេលព្រះមានបន្ទូលថា ពេលនោះជាពេលដែលត្រូវនាំរាស្រ្តរបស់ព្រះអង្គ ចេញពីនគរអេស៊ីព្ទ ស្តេចផារ៉ោនបានប្រឆាំងនឹងព្រះអង្គ។ សេដ្ឋកិច្ចរបស់នគរអេស៊ីព្ទពឹងផ្អែកទៅលើទាសក ដែលជាជនជាតិហេព្រើ ដូចនេះ ស្តេចផារ៉ោនមិនចង់ឲ្យពួកគេទៅណាទេ។ ដើម្បីឲ្យស្តេចផារ៉ោនកែប្រែគំនិត ព្រះអង្គក៏បានទម្លាក់គ្រោះចង្រៃទាំង១០ ដើម្បីឲ្យទ្រង់ព្រមដោះលែងពួកគេ។ ពួកគ្រូសីលរបស់ស្តេចផារ៉ោន អាចធ្វើត្រាប់តាម គ្រោះចង្រៃពីរ ដែលកើតឡើងមុនគេ។ តែពួកគេមិនអាចកែប្រែគ្រោះចង្រៃណាមួយឡើយ។ ពួកគេអាចបង្កើតឲ្យមានភាពវឹកវរ តែពួកគេមិនអាចធ្វើឲ្យមានសណ្តាប់ធ្នាប់បានទេ។ មានតែព្រះទេ ដែលអាចធ្វើឲ្យមានសណ្តាប់ធ្នាប់បាន។
យើងអាចរៀបចំកន្លែងរស់នៅរបស់យើង ឲ្យមានសណ្តាប់ធ្នាប់ ដោយប្រើកម្លាំងរបស់យើង តែគ្មាននរណាអាចរៀបចំជីវិតឲ្យមានសណ្តាប់ធ្នាប់ ពេលដែលមានភាពវឹកវរខាងផ្លូវចិត្ត និងផ្លូវវិញ្ញាណបានឡើយ។ មានតែព្រះទេ ដែលអាចជួយយើងបាន។ ព្រះអង្គស្អាងឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ នៅក្នុងស្ថានភាពដែលវឹកវរ ពេលដែលយើងរស់នៅតាមបំណងព្រះទ័យព្រះ ដោយមិននិយាយអាក្រក់ មានចិត្តស្លូតបូត…
តើនរណានៅកណ្តាល?
ថ្មីៗនេះ ខ្ញុំបានស្វែងយល់ អំពីទ្រឹស្តីរបស់តារាវិទូ ខូភ័រនីខឺស(Copernicus)ដែលបានរកឃើញថា យើងមិនមែនជាចំណុចកណ្តាលនៃចក្រក្រវាឡទេ។ ពិភពលោកមិនបានវិលជុំវិញខ្លួនយើងដែរ។ វាមិនបានរំកិលទៅមុខ តាមជំហានរបស់យើង តាមបង្គាប់ ឬតាមការសម្រេចចិត្តរបស់យើងឡើយ។ ទោះបីជាយើងប្រហែលជាចង់ឲ្យការទាំងនេះ កើតឡើងផ្ទុយពីនេះក៏ដោយ ក៏យើងមិនត្រូវរស់នៅសម្រាប់តែខ្លួនឯងឡើយ។ អ្វីៗគ្រប់យ៉ាងមូលទៅរកព្រះអម្ចាស់។ ទំនុកដំកើង ជំពូក ៣៣ បានចែងថា ព្រះអង្គនៅកណ្តាលអ្វីៗទំាងអស់នៅក្នុងធម្ម ជាតិ ហើយក៏គ្រប់គ្រងលើទាំងអស់ផង(ខ.៦-៩)។ ព្រះអង្គបានដាក់ព្រំដែនសមុទ្រ ហើយបានដាក់មហាសមុទ្រនៅក្នុងទីផ្ទុកទឹកដ៏ធំមហាសាល។ អ្វីៗក្នុងធម្មជាតិ មានដំណើរការ តាមច្បាប់ធម្មជាតិ ដែលព្រះអង្គបានតាក់តែង។
ព្រះអង្គក៏នៅកណ្តាលប្រជាជាតិទាំងឡាយផងដែរ(ខ.១០-១២)។ គ្មាននរណាអាចរៀបផែនការទាស់នឹងព្រះអង្គទេ។ ទីបំផុត គឺមានតែផែនការរបស់ព្រះអង្គទេ ដែលនឹងស្ថិតស្ថេរជាដរាប។ បំណងព្រះទ័យព្រះអង្គមិនដែលរង្គោះរង្គើរឡើយ។
និយាយរួម ជីវិតរបស់មនុស្សជាតិទាំងអស់ មិនអាចជៀសផុតពីព្រះអម្ចាស់ឡើយ(ខ.១៣-១៩)។ ព្រះអង្គបានទតមើលមនុស្សជាតិទាំងមូល។ ព្រះអង្គបានបង្កើតចិត្តយើងមក ហើយព្រះអង្គជ្រាបអំពីអ្វីៗទាំងអស់ ដែលយើងធ្វើ។ ហើយព្រះអង្គមានអំណាចនឹងជួយយើង ក្នុងការរស់នៅ ហើយរំដោះយើងឲ្យរួចពីស្ថានភាព ដែលយើងមិនអាចគ្រប់គ្រងបាន។
ព្រះបានបង្កើតជីវិតយើងមក ដើម្បីឲ្យផ្តោតទៅលើព្រះអង្គ មិនមែនផ្តោតទៅលើខ្លួនឯងទេ។ តើយើងគួរដឹងគុណព្រះអង្គប៉ុណ្ណា ដែលយើងអាចបម្រើព្រះដែលមានអំណាចដូចនេះ ដែលបានគ្រប់គ្រងផ្នែកនីមួយៗ នៃជីវិតយើង។-Poh Fang Chia
ជំនួយគ្រប់ប្រភេទ
បន្ទាប់ពីព្រឹត្តិការណ៍នៃការបាញ់ប្រហារ បានកើតមានឡើង នៅសាលាបឋមសិក្សាមួយ ក្នុងក្រុងញូតុន រដ្ឋខុននែកធីខាត់ មានមនុស្សជាច្រើនមានចិត្តចង់ជួយជនរងគ្រោះយ៉ាងខ្លាំង។ បានជាមានអ្នកខ្លះបរិច្ចាកឈាម សម្រាប់អ្នករបួស អ្នកខ្លះផ្តល់អាហារថ្ងៃត្រង់ និងកាហ្វេ ដោយឥតគិតថ្លៃ នៅភោជ្ជនីយដ្ឋានរបស់ខ្លួន សម្រាប់អ្នកស្ម័គ្រចិត្តទាំងឡាយ។ អ្នកខ្លះបានសរសេរសំបុត្រលើកទឹកចិត្ត ឬគ្រាន់តែឱប ដើម្បីជួយកម្សាន្តចិត្តក្មេងៗ។ អ្នកខ្លះផ្ញើអំណោយ ជាលុយ និងតុក្កតាខ្លាឃ្មំធែឌីដល់ក្មេងៗ ខណៈពេលដែលអ្នកខ្លះទៀត ផ្តល់ឲ្យនូវការប្រឹក្សាផ្លូវចិត្ត។ និយាយរួម ពួកគេបានរិះរកវិធីបម្រើ តាមបុគ្គលិកលក្ខណៈ សមត្ថភាព និងធនធានរបស់ខ្លួន។
ព្រះគម្ពីរបានចែងអំពីរឿងរបស់លោកយ៉ូសែប ដែលបានប្រើជំនាញរបស់គាត់ ក្នុងការបំពេញតួនាទីដ៏សំខាន់ នៅក្នុងការជួយមនុស្សជាច្រើន ឲ្យរួចពីសេចក្តីស្លាប់ ដោយសារគ្រោះអត់ឃ្លាន ដែលមានរយៈពេល៧ឆ្នាំ(លោកុប្បត្តិ ៤១:៥៣-៥៤)។ ក្នុងរឿងនេះ ព្រះបានបណ្តាលចិត្តគាត់ឲ្យបានដឹងជាមុនថា គ្រោះទុករភិក្សនឹងកើតមានឡើង ដូចនេះ គាត់ក៏បានត្រៀមទុកជាមុន។ បន្ទាប់ពីលោកយ៉ូសែបបានដាស់តឿនស្តេចផារ៉ោន អំពីគ្រោះទុករភិក្សនោះ ហើយ ស្តេចអេស៊ីព្ទអង្គនេះ ក៏បានឲ្យគាត់មើលការខុសត្រូវ នៅក្នុងការត្រៀមស្បៀងអាហារ សម្រាប់រយៈពេល៧ឆ្នាំនោះ។ ពេលនោះ លោកយ៉ូសែបក៏បានប្រើប្រាជ្ញា និងចំណេះដឹង ដែលព្រះប្រទាន ដើម្បីជួយឲ្យប្រទេសជាតិរបស់គាត់ មានការត្រៀមខ្លួន(៤១:៣៩)។ បន្ទាប់មក ពេលដែល “មានអំណត់អត់នៅពេញលើផែនដី រួចយ៉ូសែបគាត់បើកគ្រប់ទាំងជង្រុកស្រូវលក់”(ខ.៥៦)។ គាត់ថែមទាំងអាចជួយក្រុមគ្រួសាររបស់គាត់ទៀតផង(៤៥:១៦-១៨)។
រឿងនេះបានបង្ហាញអំពីព្រះទ័យអាណិតមេត្តា ដែលព្រះអង្គមានចំពោះលោកិយ។ ព្រះអង្គបានរៀបចំយើង…
ចូលក្នុងគ្រួសាររបស់ព្រះ
ពេលលោកមួរីស គ្រីហ្វហ្វ៊ីន(Maurice Griffin) មានអាយុ៣២ឆ្នាំ គេបានទទួលយកគាត់ជាកូនចិញ្ចឹមម្តងទៀត។ កាលពីមុន គាត់បានរស់នៅ ជាមួយអ្នកស្រីលីសា(Lisa) និងលោកឆាល ហ្គតបូល(Charles Godbold) ជាឪពុកម្តាយចិញ្ចឹម អស់រយៈពេល២០ឆ្នាំ។ ក្រោយមកលោកមួរីស ក៏បានរស់នៅ ដោយពឹងផ្អែកលើខ្លួនឯងមួយរយៈ ប៉ុន្តែ ទោះជាយ៉ាងក៏ដោយ គាត់និងអតីតឪពុកម្តាយចិញ្ចឹម នៅតែចង់ឲ្យគាត់រស់នៅជុំគ្នា ជាកូនចិញ្ចឹមជានិច្ច។ ពេលដែលពួកគេជួបជុំគ្នាឡើងវិញ គាត់ក៏បានក្លាយជាកូនចិញ្ចឹមជាផ្លូវការណ៍។ ពេលនោះ លោកមួរីសក៏បានមានប្រសាសន៍ថា “ពេលនេះ អាចជាពេលដែលសប្បាយបំផុត ក្នុងជីវិតរបស់ខ្ញុំ … ខ្ញុំសប្បាយចិត្តណាស់ ដែលបានត្រឡប់មកជួបជុំគ្រួសារវិញ”។
អ្នកដែលបានក្លាយជាសមាជិកថ្មី ក្នុងគ្រួសាររបស់ព្រះ ក៏អាចនិយាយផងដែរថា “ពេលនេះជាពេលដែលសប្បាយបំផុត ក្នុងជីវិតខ្ញុំ”។ ពេលយើងទទួលជឿព្រះយេស៊ូវ ដើម្បីទទួលសេចក្តីសង្រ្គោះ យើងក្លាយជាកូនរបស់ព្រះ ហើយព្រះអង្គក្លាយជាព្រះវរបិតានៃយើង។ ព្រះគម្ពីរបានធានាយើងថា “អ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៦)។ ក្នុងនាមជាកូនរបស់ព្រះ យើងមានបងប្អូនខាងវិញ្ញាណ ដែលជាបងប្អូនប្រុសស្រី ក្នុងព្រះគ្រីស្ទ ហើយយើងទាំងអស់គ្នា មានចំណែក នៅក្នុងកេរមរតកដ៏អស់កល្បជានិច្ច(កូល៉ុស ១:១២)។ ម្យ៉ាងទៀត ព្រះវិញ្ញាណរបស់ព្រះយេស៊ូវ គង់នៅក្នុងចិត្តយើង ហើយជួយឲ្យយើងអធិស្ឋាន ទៅកាន់ព្រះវរបិតាថា អ័ប្បា ព្រះវរបិតាអើយ(កាឡាទី ៤:៦) …
ភាពផ្អែមពិរោះ
កាលពីយូរមកហើយ ខ្ញុំបានមើលខ្សែភាពយន្តបែបប្រឌិត ដែលនិយាយអំពីអ្នកស្រីម៉ារី ផុបភីន(Mary Poppins) ដែលជាឈ្នួលមើលថែរក្មេងឲ្យគេ។ គាត់ជាតួអង្គដែលរួសរាយ ដែលជាជំនួយដ៏ល្អដល់គ្រួសារដែលគាត់បម្រើ។ ប៉ុន្តែ គាត់គ្រាន់តែជាតួអង្គក្នុងរឿងប្រឌិតប៉ុណ្ណោះ ហើយអ្នកដែលខ្ញុំពិតជាត្រូវការនោះ គឺមនុស្សដែលមានទស្សនវិស័យ សម្រាប់ពេលអនាគត ដែលមានគំនិតវិជ្ជមាន ក្នុងជីវិតពិត។ ខ្ញុំត្រូវការមនុស្សដែលរីករាយ និងមានភាពប៉ិនប្រសប់ ដែលអាចបង្ហាញឲ្យយើងឃើញភាពវិជ្ជមាន នៅក្នុងការអ្វីដែលយើងគិតថា អវិជ្ជមាន គឺអ្នកដែលអាចរំឭកយើងថា “ភាពផ្អែមពិរោះ អាចនាំឲ្យមានភាពធូរស្បើយ”។
សេ្ដចដាវីឌបាននិពន្ធបទចម្រៀងមួយបទ ដែលនិយាយអំពីបញ្ហាដែលស្រដៀងគ្នានឹងបញ្ហានេះផងដែរ។ គឺដូចដែលមានសេចក្តីចែងថា “អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយ… ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង”(ទំនុកដំកើង ១៩:៩-១០)។ យើងកម្រគិតថា ក្រឹត្យវិន័យរបស់ព្រះមានភាពផ្អែមល្ហែមណាស់។ ជាញឹកញាប់ យើងច្រើនតែគិតថា ក្រឹត្យវិន័យរបស់ព្រះអង្គ មានភាពល្វីង ឬពិបាកនឹងលេប។ តែក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្តីពិត ដែលមិនគ្រាន់តែជាថ្នាំ ដែលព្យាបាលជម្ងឺខាងវិញ្ញាណប៉ុណ្ណោះឡើយ តែថែមទាំងជាអាហារដ៏ល្អ ដែលជួយការពារជម្ងឺ និងធ្វើឲ្យវិញ្ញាណយើងមានសុខភាពល្អ។ សេចក្តីពិតរបស់ព្រះអង្គមិនមែនជាថ្នាំវ៉ាក់សាំង ឬថ្នាក់ចាក់ឡើយ។ តែជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ ដែលគួរតែចាត់ទុកជាម្ហូបពិសេស ដែលធ្វើឲ្យយើងឃ្លាន ហើយចង់ “ភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អ”ប៉ុណ្ណា(៣៤:៨)។
យើងច្រៀងសរសើរព្រះយេស៊ូវ ថាព្រះនាមព្រះអង្គ ជានាមដ៏ផ្អែមពិរោះ តែមានអ្នកខ្លះហាក់ដូចជាយល់ថា ព្រះអង្គមានភាពជូរល្វីងទៅវិញ។ សេចក្តីពិតដ៏បរិសុទ្ធ ដែលមិនប្រឡាក់ទៅដោយអំណួត ជាសេចក្តីពិតដ៏ផ្អែមបំផុត…
នៅតែធ្វើការបម្រើ
អ្នកស្រីវីវៀន(Vivian) និងលោកដន(Don) កំពុងស្ថិតក្នុងវ័យ៩០ឆ្នាំ ហើយបានរៀបការជាង៧០ឆ្នាំហើយ។ ថ្មីៗនេះ សុខភាពរបស់អ្នកស្រីវីវៀនមានការអន់ថយយ៉ាងខ្លាំង បន្ទាប់ពីគាត់ជួបគ្រោះថ្នាក់បាក់ឆ្អឹងត្រគាក។ ការនេះបានធ្វើឲ្យអ្នកទាំងពីរមានការពិបាកកាន់តែខ្លាំង ព្រោះអស់រយៈពេលបួនប្រាំឆ្នាំមកហើយ ដែលអ្នកទាំងពីរមានការមិនសប្បាយចិត្ត ដោយសារមិនមានភាពរឹងមាំ ល្មមនឹងអាចមានភាពសកម្មក្នុងការរស់នៅ និងធ្វើការក្នុងពួកជំនុំរបស់ខ្លួន ដូចមុន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីវីវៀន និងលោកដន នៅតែខិតខំធ្វើការបម្រើព្រះអម្ចាស់ដដែល ដោយពួកគេនៅតែបន្តខិតខំអធិស្ឋាន។ ពួកគេមិនអាចមានវត្តមាន ឲ្យបានទៀងទាត់ក្នុងពួកជំនុំ ដូចមុនទេ តែពួកគេនៅតែមានភាពស្មោះត្រង់ “ក្នុងការបម្រើនៅពីក្រោយឆាក” ថ្វាយព្រះអង្គ។
រឿងប្រៀបប្រដូចអំពីប្រាក់របស់ចៅហ្វាយ ក្នុងបទគម្ពីរម៉ាថាយ ជំពូក២៥ បានរំឭកយើងថា យើងត្រូវតែប្រើ “អំណោយទាន” ដែលព្រះបានប្រទាន ដោយភាពឆ្លាតវ័យ។ យើងម្នាក់ៗសុទ្ធតែមានជំនាញ និងសមត្ថភាពដែលព្រះប្រទាន ក្នុងកំរិតផ្សេងគ្នា ហើយយើងមិនត្រូវយកទៅកប់ ឬទុកចោលមិនព្រមយកទៅប្រើនោះឡើយ។
ព្រះអម្ចាស់នឹងប្រើយើង ទាំងនៅក្នុងពេលដែលយើងនៅមានកម្លាំង ក៏ដូចជានៅពេលដែលយើងមានវ័យចំណាស់ មានជម្ងឺ និងមានភាពទន់ខ្សោយផងដែរ។ អ្នកស្រីវីវៀន និងលោកដន បានបន្តបម្រើព្រះ ដោយការអធិស្ឋាន។ ទន្ទឹមនឹងនោះ យើងក៏អាចថ្វាយសិរីល្អដល់ព្រះសង្រ្គោះនៃយើង ដោយប្រើជំនាញរបស់យើង “តាមសមត្ថភាពយើងរៀងៗខ្លួន”(ខ.១៥) ដើម្បីបម្រើព្រះអង្គ ដែលសក្តិសមនឹងឲ្យយើងបម្រើ។-Dave Branon
ការស្រឡាញ់ខុស
លោកម៉ាទីន លីនស្ត្រម(Martin Lindstrom) ជាអ្នកនិពន្ធ និងវាទគ្មិន ដែលបានយល់ថា សព្វថ្ងៃនេះ មនុស្សជាច្រើនបានស្រឡាញ់ទូរស័ព្ទដៃខ្លាំងណាស់ គឺប្រៀបដូចជាមិត្តភ័ក្រដ៏ល្អបំផុតអញ្ចឹង។ លោកលីនស្ត្រមក៏បានធ្វើការពិសោធន៍ ដោយប្រើម៉ាស៊ីនស្គែនខួរក្បាល ដើម្បីស្វែងយល់អំពីដើមហេតុនៃបញ្ហានេះ។ គាត់បានឲ្យអ្នកស្ម័គ្រចិត្ត ដេកក្នុងម៉ាស៊ីនស្គែននោះ ហើយពេលដែលពួកគេឃើញ ឬឮទូរសព័្ទរបស់ខ្លួនរោទ៍ កោសិការប្រសាទក៏បានកម្រើកឡើងខ្លាំង នៅក្នុងខួរក្បាល ត្រង់ផ្នែកដែលទាក់ទងនឹងអារម្មណ៍នៃសេចក្តីស្រឡាញ់ និងការអាណិត។ លោកលីនស្ត្រមក៏បានមានប្រសាសន៍ថា “ខួរក្បាលរបស់ពួកគេស្រាប់តែមានប្រតិកម្មឆ្លើយតបនឹងទូរស័ព្ទភ្លាមៗ គឺហាក់ដូចជាទូរស័ព្ទនោះជាមិត្តប្រុស ឬមិត្តស្រី ឬមួយជាសមាជិកគ្រួសាររបស់ខ្លួនអញ្ចឹង”។
មានរបស់ជាច្រើន ដែលទាក់ទាញក្តីស្រឡាញ់ ពេលវេលា និងចំណាប់អារម្មណ៍របស់យើង ហើយការនេះហាក់ដូចជាបង្ហាញថា យើងចាំបាច់ត្រូវឆែកពិនិត្យមើលចិត្តខ្លួនឯងជានិច្ច ដើម្បីឲ្យដឹងច្បាស់ថា យើងកំពុងផ្តោតជីវិតយើង ទៅលើអ្វី។ លោកយ៉ូស្វេបានប្រាប់រាស្រ្តអ៊ីស្រាអែលថា ពួកគេត្រូវតែស្រឡាញ់ និងថ្វាយបង្គំតែព្រះអម្ចាស់ប៉ុណ្ណោះ(យ៉ូស្វេ ២៤:១៤)។ ត្រង់ចំណុចនេះ គាត់កំពុងប្រាប់ពួកគេឲ្យប្រព្រឹត្តផ្ទុយ នឹងសាសន៍ដទៃដែលនៅជុំវិញពួកគេ ដែលថ្វាយបង្គំរូបព្រះ។ គេធ្វើរូបព្រះទាំងនោះ ពីលោហធាតុ ហើយគ្រាន់ជាស្នាដៃដែលមនុស្សបានបង្កើតប៉ុណ្ណោះ(ទំនុកដំកើង ១១៥:៤) គឺគ្មានអំណាចអ្វីទាល់តែសោះ បើធៀបនឹងព្រះអម្ចាស់។ ដូចនេះ រាស្រ្តរបស់ព្រះបានទទួលការលើកទឹកចិត្ត ឲ្យស្វែងរកភាពសុខសាន្ត នៅក្នុងព្រះអង្គ មិនមែននៅក្នុងព្រះដទៃឡើយ(ពួកចៅហ្វាយ ១០:១៣-១៦)។ ពេលគេចោទសួរព្រះយេស៊ូវ អំពីក្រឹត្យវិន័យ ព្រះអង្គក៏បានមានបន្ទូលបញ្ជាក់ឡើងវិញ អំពីក្រឹត្យវិន័យដែលចែងថា “ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់…
ការចាប់ផ្តើមជាថ្មី
មនុស្សគ្រប់គ្នាសុទ្ធតែអាចចាប់ផ្តើមជីវិតជាថ្មី។ ពេលលោកប្រាយ៉ាន(Brayan) នៅក្មេង គាត់បានចូលក្រុមជើងកាង នៅសាលាបឋម។ ពេលគាត់មានអាយុ១២ឆ្នាំ គាត់បានរត់ចោលផ្ទះ ហើយជីវិតរបស់គាត់ក៏ត្រូវវង្វេង នៅក្នុងក្រុមជើងកាង និងការការញៀនថ្នាំអស់បីឆ្នាំ។ ទោះបីជាគាត់បានចាកចេញពីក្រុមជើងកាង ហើយត្រឡប់មកផ្ទះវិញក៏ដោយ ក៏គាត់នៅតែមានការពិបាក ពេលដែលគាត់ត្រូវគេដេញចេញពីសាលារៀន ដោយសារគាត់លក់ថ្នាំញៀននៅទីនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលគាត់ចូលរៀននៅក្នុងសាលាវិទ្យាល័យមួយទៀត មានគ្រូបង្រៀនម្នាក់បានលើកទឹកចិត្តគាត់ ឲ្យសរសេរអំពីបទពិសោធន៍នៃជីវិតរបស់គាត់ ជាជាងបន្តប្រព្រឹត្តការអាក្រក់ទាំងនោះឡើងវិញ។ ពេលនោះ គាត់ក៏បានទទួលយកការកែខ្លួនយ៉ាងរីករាយ ហើយក៏បានចាប់ផ្តើមជីវិតជាថ្មី។
យ៉ាងណាមិញ ព្រះអម្ចាស់បានមានបន្ទូលតាមរយៈហោរាអេសាយ ដើម្បីលើកទឹកចិត្តប្រជាជនយូដា ឲ្យគិតអំពីការចាប់ផ្តើមជីវិតជាថ្មីផងដែរ ពេលដែលពួកគេកំពុងរស់នៅជាឈ្លើយសង្រ្គាម។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “កុំឲ្យឯងរាល់គ្នានឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីអស់ទាំងការពីចាស់បុរាណនោះឡើយ”(អេសាយ ៤៣:១៨)។ ព្រះអង្គបានប្រាប់ពួកគេឲ្យឈប់រស់នៅ ក្នុងការដាក់ទោសនោះទៀត។ ព្រះអង្គសព្វព្រះទ័យឲ្យពួកគេផ្តោតអារម្មណ៍ទៅលើព្រះ ដែលនឹងប្រទានពួកគេនូវការចាប់ផ្តើមជាថ្មី ដោយនាំពួកគេចេញពីចក្រភពបាប៊ីឡូន ត្រឡប់ទៅផ្ទះវិញ តាមរយៈការធ្វើដំណើរចាកចេញជាថ្មីមួយទៀត(ខ.១៩)។
កាលណាយើងមានព្រះ នោះយើងអាចចាប់ផ្តើមជីវិតជាថ្មី។ ព្រះអង្គអាចជួយយើង ឲ្យបំភ្លេចអតីតកាល ហើយចាប់ផ្តើមតោងព្រះអង្គឲ្យជាប់។ ទំនាក់ទំនងជាមួយព្រះអង្គ ផ្តល់ឲ្យនូវសេចក្តីសង្ឃឹមថ្មី ដល់អស់អ្នកដែលទុកចិត្តព្រះអង្គ។-Marvin Williams
ព្រះអង្គពិតជាអស្ចារ្យណាស់!
ថ្ងៃមួយ ខេធី(Katie) ចៅស្រីរបស់ខ្ញុំ ដែលមានអាយុ៣ឆ្នាំ បានធ្វើឲ្យឪពុកម្តាយរបស់នាងមានការភ្ញាក់ផ្អើល ដោយសារពាក្យសម្តី ដែលមានលក្ខណៈទេវសាស្រ្តបន្តិចបន្តួច។ នាងបានប្រាប់ពួកគាត់ថា “ម៉ាក់និងប៉ាមានប្អូនស្រី ពួកគាត់បានស្លាប់ហើយ។ ហើយព្រះអង្គក៏បាននាំពួកគាត់ ទៅស្ថានសួគ៌ ទៅនៅជាមួយព្រះអង្គ។ ព្រះអង្គពិតជាអស្ចារ្យណាស់!”
អំណាចចេស្តាដ៏អស្ចារ្យរបស់ព្រះ ជាអាថ៌កំបាំង តែមានលក្ខណៈសាមញ្ញល្មមនឹងឲ្យក្មេងតូចម្នាក់យល់បាន។ ក្នុងគំនិតដ៏ក្មេងខ្ចីរបស់ខេធី នាងអាចដឹងថា ព្រះអង្គប្រាកដជាមានអំណាចចេស្តា ព្រោះព្រះអង្គអាចធ្វើនូវការអស្ចារ្យយ៉ាងនោះបាន។ នាងមិនបានយល់អំពីអំណាចចេស្តារបស់ព្រះបានទាំងស្រុងទេ តែនាងបានដឹងថា ព្រះបានធ្វើការដ៏អស្ចារ្យ ដោយនាំម្តាយមីងទាំងពីរនាក់របស់នាង ទៅនៅនគរស្ថានសួគ៌។
តើមានពេលប៉ុន្មានដងហើយ ដែលយើងអង្គុយចុះ ក្នុងពិភពលោកសព្វថ្ងៃ ដែលកាន់តែមានភាពជឿលឿន ហើយមានចិត្តស្ងើចសរសើរព្រះថា “ព្រះអង្គពិតជាអស្ចារ្យណាស់”។ យើងប្រហែលជាមិនបានធ្វើដូចនេះ ញឹកញាប់ទេ។ យើងដឹងថា ព្រះបង្កើតពិភពលោកមក ដោយប្រើព្រះបន្ទូលព្រះអង្គ តែមិនដឹងថា ព្រះអង្គប្រើព្រះបន្ទូលដោយរបៀបណាទេ(យ៉ូប ៣៨-៣៩ ទំនុកដំកើង ៣៣:៩ ហេព្រើ ១១:៣) ហើយយើងក៏មិនអាចដឹងពីរបៀបដែលព្រះអង្គបានគ្រប់គ្រងពិភពលោកដែរ(នេហេមា ៩:៦)។ យើងមិនអាចដឹងពីរបៀបដែលព្រះអង្គបានរៀបផែនការ និងសម្រេចសេចក្តីទំនាយ អំពីការដែលព្រះយេស៊ូវ យាងមកចាប់កំណើតជាមនុស្សឡើយ ហើយយើងក៏មិនអាចយល់ អំពីរបៀបដែលព្រះអង្គអាចធ្វើឲ្យការលះបង់ព្រះជន្មរបស់ព្រះយេស៊ូវ មានភាពគ្រប់គ្រាន់សម្រាប់សង្រ្គោះយើងដែរ។ តែយើងអាចដឹងថា ការទាំងអស់នេះជាការពិតមែន។
អំណាចចេស្តារបស់ព្រះ មានភាពអស្ចារ្យមិនអាចវាស់ស្ទង់បាន តែមានភាពច្បាស់លាស់ល្មមនឹងឲ្យយើងយល់បាន។ នេះក៏ជាមូលហេតុ ដែលយើងត្រូវសរសើរដំកើងព្រះអង្គផងដែរ។-Dave…
ការបើកបរនៅខាងឆ្វេងដៃ
ខ្ញុំបានធំពេញវ័យ នៅសហរដ្ឋអាមេរិក ដែលនៅទីនោះ គេបើកបរប្រកាន់ខាងស្តាំដៃ ហេតុនេះហើយខ្ញុំមានការចាប់អារម្មណ៍ចំពោះប្រទេសមួយចំនួន ដែលគេប្រកាន់យកការបើកបរខាងឆ្វេងដៃ។ បន្ទាប់មក ពេលខ្ញុំបានទៅប្រទេសអង់គ្លេស ខ្ញុំបានឮអ្នកនាំភ្ញៀវទេសចរណ៍ម្នាក់ នៅទីក្រុងឡុង ពន្យល់អំពីមូលហេតុដែលប្រទេសអង់គ្លេសមានច្បាប់ ឲ្យបើកបរប្រកាន់ខាងឆ្វេងដៃ។ គាត់ថា “កាលពីទសវត្សរ៍ឆ្នាំ១៨០០ ទាំងអ្នកថ្មើជើង និងអ្នកបរទេះសេះ បានប្រើប្រាស់ផ្លូវថ្នល់រួមគ្នា។ ពេលដែលរទេះសេះកំពុងធ្វើចរាចរណ៍នៅខាងស្តាំដៃ អ្នកបរទេះនោះតែងតែយកមោងវាយសេះជាធម្មតា ហើយជួនកាលក៏វាយប៉ះត្រូវអ្នកដើរ ដែលនៅក្បែរនោះ។ ដើម្បីដោះស្រាយបញ្ហានេះ គេក៏បានចេញច្បាប់ តម្រូវឲ្យរទេះសេះទាំងអស់ធ្វើចរាចរណ៍ តាមផ្លូវថ្នល់ នៅខាងឆ្វេងដៃ ដើម្បីកុំឲ្យប៉ះពាល់អ្នកថ្មើរជើងទៀត”។
ច្បាប់ចរាចរណ៍នេះ គឺសម្រាប់ជាប្រយោជន៍ និងជាការការពារដល់អ្នកដំណើរទាំងឡាយ ដូចនេះ ព្រះរាជបញ្ជារបស់ព្រះអម្ចាស់ក៏សម្រាប់ជាប្រយោជន៍ និងការការពារយើងផងដែរ។ ដោយសារព្រះអង្គស្រឡាញ់យើង នោះព្រះអង្គបានប្រទានក្រឹត្យវិន័យមក ដើម្បីជាប្រយោជន៍យើង។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនថា “បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ ដ្បិតក្រឹត្យវិន័យទាំងមូល បានសំរេចមកក្នុងពាក្យតែ១ម៉ាត់នេះថា «ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង»”(កាឡាទី ៥:១៣-១៤)។
ពេលដែលយើងអនុវត្តតាមព្រះបន្ទូលព្រះ សូមយើងចាំថា ព្រះគុណព្រះ បានប្រទាននូវការណែនាំ ដើម្បីជួយឲ្យយើងលូតលាស់ ដោយស្រឡាញ់ព្រះអង្គ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ កាន់តែខ្លាំង។-Dennis Fisher