មុខរបបបោះពុម្ភដ៏កាក់កបរបស់លោករីឆាត លែម្យូ(Richard LeMieux) បានដួលរលំ បន្ទាប់ពីបានដំណើរការបានមួយឆ្នាំ។ មិនយូរប៉ុន្មាន ទ្រព្យសម្បត្តិរបស់គាត់ ក៏បានរលាសអស់ ហើយគាត់ក៏មានជម្ងឺធ្លាក់ទឹកចិត្ត។ ទីបំផុត លោកលែម្យូក៏បានធ្លាក់ខ្លួនប្រមឹកស្រា ហើយក្រុមគ្រួសាររបស់គាត់ ក៏បានរត់ចោលគាត់។ គាត់បានធ្លាក់ខ្លួនដល់បាតសង្គម ដោយគ្មានផ្ទះសំបែង ខូចចិត្ត ហើយក្លាយជាជនទុរគត។ ទោះបីជាយ៉ាងណាក៏ដោយ គឺដោយសារគាត់ស្ថិតក្នុងពេលបែបនេះឯង ដែលគាត់បានងាកបែរមករកព្រះ។ ក្រោយមក គាត់ក៏បាននិពន្ធសៀវភៅមួយក្បាល អំពីការអ្វីដែលគាត់បានរៀន ពីទុក្ខលំបាកទាំងអស់នោះ។
ពួកអ៊ីស្រាអែលបានទទួលនូវមេរៀនខាងវិញ្ញាណមួយចំនួន ពេលដែលព្រះអនុញ្ញាតឲ្យពួកគេ អត់ទ្រាំនឹងភាពអនាថា គ្មានគោលដៅច្បាស់លាស់ និងមានគ្រោះថ្នាក់ផ្សេងៗ។ ទុក្ខលំបាកទាំងនោះ បានធ្វើឲ្យពួកគេបន្ទាបខ្លួន(ចោទិយកថា ៨:១-១៨) ព្រមទាំងបង្រៀនពួកគេឲ្យដឹងថា ព្រះនឹងបំពេញសេចក្តីត្រូវការរបស់ពួកគេ។ ពេលពួកគេឃ្លាន ព្រះអង្គបានប្រទាននំម៉ាណា។ ពេលពួកគេស្រេកទឹក ព្រះអង្គឲ្យទឹកចេញពីថ្ម សម្រាប់ឲ្យពួកគេផឹក។ ព្រះអង្គបានបង្រៀនពួកគេឲ្យដឹងថា ព្រះអង្គអាចប្រទានពរពួកគេ ទោះបីជាពួកគេកំពុងស្ថិតក្នុងពេលដ៏លំបាកក៏ដោយ(ខ.១)។ ទីបំផុត ពួកអ៊ីស្រាអែលក៏បានដឹងថា ទុក្ខលំបាកមិនមែនជាសញ្ញាបញ្ជាក់ថា ព្រះអង្គកំពុងបោះបង់ពួកគេចោលឡើយ។ លោកម៉ូសេបានរំឭកពួកគេថា ព្រះបានដឹកនាំពួកគេអស់រយៈពេល៤០ឆ្នាំ ក្នុងវាលរហោស្ថាន(ខ.២)។
ពេលយើងស្ថិតក្នុងពេលអស់សង្ឃឹម យើងអាចស្វែងរកមេរៀនខាងវិញ្ញាណ ដែលបង្កប់នៅក្នុងទុក្ខលំបាក ជាមេរៀន ដែលអាចជួយយើង ឲ្យទុកចិត្តលើព្រះ ដែលបានឲ្យគ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់ជាសេចក្តីល្អដល់យើងរាល់គ្នា និងសម្រាប់សិរីល្អរបស់ព្រះអង្គ(រូម ៨:២៨)។-Jennifer Benson Schuldt