នៅបច្ចិមប្រទេស មានពាក្យស្លោកពោលថា “កុំជ្រួលច្របល់ ចូរទៅហៅម៉ែមក” “កុំជ្រួលច្របល់ ចូរញាំសាច់ជ្រូកបីជាន់ទៅ” “កុំជ្រួលច្របល់ ចូរដាក់កំសៀវដាំទឹកទៅ”។ ពាក្យស្លោកទាំងនេះ មានប្រភពមកពីពាក្យមួយឃ្លាដែលពោលថា “ចូរកុំជ្រួលច្របល់ ចូរបន្តរស់នៅជាធម្មតា”។ គេចាប់ផ្តើមប្រើពាក្យស្លោកនេះ ជាលើកដំបូង ក្នុងចក្រភពអង់គ្លេស ពេលដែលសង្រ្គាមលោកលើកទី២ បានចាប់ផ្តើម ក្នុងឆ្នាំ១៩៣៩។ ពួកមន្ត្រីរាជការនៅប្រទេសអង់គ្លេស បានបោះពុម្ភផ្សាយពាក្យស្លោកនេះ នៅលើប័ណ្ណប្រកាសបិទតាមផ្លូវ ដើម្បីជួយប្រជាពលរដ្ឋ កុំឲ្យមានការតក់ស្លត់ និងបាក់ទឹកចិត្តក្នុងអំឡុងពេលសង្រ្គាម។
ពេលដែលពួកអ៊ីស្រាអែលវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ បន្ទាប់ពីបានរស់នៅជាឈ្លើយសង្រ្គាម អស់ជាច្រើនឆ្នាំមក ពួកគេត្រូវជម្នះការភ័យខ្លាច និងការយាយីរបស់ពួកខ្មាំងសត្រូវ ខណៈពេលដែលពួកគេកំពុងសាងសង់ព្រះវិហារឡើងវិញ(មើលអែសរ៉ា ៣:៣)។ ពេលពួកគេបានសង់គ្រឹះព្រះវិហារហើយ ពួកសត្រូវ “ក៏បានជួលពួកអ្នកប្រាជ្ញឲ្យជួយគំនិត ដើម្បីនឹងបង្អាក់ការដែលផ្តើមធ្វើនោះ”(៤:៥)។ ខ្មាំងសត្រូវរបស់ពួកអ៊ីស្រាអែល ក៏បានសរសេរសំបុត្រទៅកាន់ពួកមន្ត្រីរបស់ស្តេច ដើម្បីចោទប្រកាន់ពួកអ៊ីស្រាអែល ហើយក៏ជោគជ័យ ក្នុងការបង្អាក់ការសាងសង់(ខ.៦,២៤)។ ទោះបីយ៉ាងណាក៏ដោយ ស្តេចដារីយ៉ូស បានចេញព្រះរាជក្រឹត្យ អនុញ្ញាតឲ្យពួកគេបន្តការសាងសង់ព្រះវិហាររហូតដល់ចប់(៦:១២-១៤)។
ពេលយើងធ្វើការបម្រើព្រះ ហើយជួបភាពអន់ថយ យើងអាចបន្តការងារយើង ដោយចិត្តស្ងប់ ព្រោះ “យើងជាអ្នកបម្រើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី”(៥:១១) ដូចពួកអ៊ីស្រាអែលដែរ។ ឧបស័គ្គ និងការពន្យាពេលអាចធ្វើឲ្យយើងបាក់ទឹកចិត្ត ប៉ុន្តែ យើងអាចសម្រាកក្នុងព្រះបន្ទូល ដែលព្រះយេស៊ូវបានសន្យាថា “ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ”(ម៉ាថាយ ១៦:១៨)។ ការងាររបស់ព្រះអង្គដំណើរការទៅមុខ ដោយសារអំណាចចេស្តារបស់ព្រះអង្គ មិនមែនដោយសារកម្លាំងរបស់យើងទេ។-Jennifer Benson Schuldt