នៅលើជួរភ្នំពណ៌ស ក្នុងរដ្ឋញូ ហេមសៀរ មានរូបចម្លាក់ដ៏ធំមួយ កម្ពស់ប្រហែល១២ម៉ែត្រ ដែលមានរូបរាង្គដូចមុខរបស់តាចាស់ម្នាក់ ដែលធម្មជាតិបានឆ្លាក់នៅលើផ្ទាំងថ្មធំៗ។ គេបានដាក់ឈ្មោះឲ្យរូបចម្លាក់នេះថា “តាចាស់នៅលើភ្នំ”។ រូបចម្លាក់មួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ ឲ្យចូលមកទស្សនា។ វត្តមានរបស់វាបានតាំងនៅទីនោះជានិច្ច សម្រាប់ប្រជាជនដែលរស់នៅទីនោះ ហើយវាក៏ជានិមិត្តរូបដំណាងឲ្យរដ្ឋញូ ហេមសៀរផងដែរ។ លោកណាថានាល ហវធន(Nathaniel Hawthorne) ក៏បាននិយាយអំពីរូបចម្លាក់មួយនេះ ក្នុងសៀវភៅរឿងដ៏ល្បីល្បាញដែលគាត់បាននិពន្ធ មានចំណងជើងថា “ផ្ទៃមុខថ្មដ៏ធំសម្បើម”។
តែគួរឲ្យស្តាយណាស់ ក្នុងខែឧសភា ឆ្នាំ២០០៣ រូបចម្លាក់នេះបានបាក់ធ្លាក់ចុះតាមចង្កេះភ្នំ។ ប្រជាជនដែលរស់នៅក្បែរនោះ មានការសោកស្តាយខ្លាំងណាស់ ចំពោះការខូចខាតនេះ។ មានស្រ្តីម្នាក់បាននិយាយថា “តាំងពីតូចមក រូបចម្លាក់នោះ បានធ្វើឲ្យខ្ញុំគិតថា មានមនុស្សម្នាក់កំពុងមើលថែរខ្ញុំ។ តែពេលនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនមិនបានទទួលការមើលថែរច្រើនដូចមុនទៀតទេ”។
យ៉ាងណាមិញ ការនេះបានរំឭកយើងថា អ្វីៗដែលយើងពឹងផ្អែកនៅលើផែនដីនេះ នឹងត្រូវរលាយបាត់ទៅ នៅពេលណាមួយ។ មនុស្ស ឬរបស់អ្វីដែលយើងបានពឹងផ្អែក ក៏បាត់បង់ទៅ ធ្វើឲ្យជីវិតរបស់យើងមានការរង្គោះរង្គើរ។ ការបាត់បង់នោះ អាចជាការបាត់បង់មនុស្សជាទីស្រឡាញ់ ការបាត់បង់ការងារ ឬការបាត់បង់សុខភាពដ៏ល្អ។ ការបាត់បង់នេះ ធ្វើឲ្យយើងមានអារម្មណ៍ថា បាត់លំនឹងក្នុងជីវិត។ យើងប្រហែលជាថែមទាំងគិតថា ព្រះមិននៅមើលថែរយើងទៀតទេ។
ប៉ុន្តែ “ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្តាប់សំរែករបស់គេ”(ទំនុកដំកើង ៣៤:១៥)។ ព្រះអង្គ “គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង”(ខ.១៨)។ ព្រះអង្គជាថ្មដា ហើយយើងអាចពឹងផ្អែកលើព្រះវត្តមានព្រះអង្គជានិច្ច (ចោទិយកថា ៣២:៤)។
ព្រះវត្តមានរបស់ព្រះនៅស្ថិតស្ថេរជានិច្ច។ ព្រះអង្គមើលថែរយើងជារៀងរហូត។ ព្រះអង្គជាថ្មដាដ៏រឹងមាំ។-Anne Cetas