ខណៈពេលដែលខ្ញុំកំពុងរង់ចាំគ្រូពេទ្យពិនិត្យភ្នែករបស់ខ្ញុំ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានអានពាក្យ ដែលគេសរសេរក្នុងការិយាល័យគ្រូពេទ្យភ្នែកថា “៨០ភាគរយ នៃការអ្វីដែលកុមារបានរៀនសូត្រ ក្នុងរយៈពេល១២ឆ្នាំដំបូងនៃជីវិតរបស់ពួកគេ គឺរៀនសូត្រតាមរយៈភ្នែករបស់ពួកគេ”។ ពេលនោះខ្ញុំក៏បានចាប់ផ្តើមគិតអំពីក្មេងៗទាំងអស់ ដែលប្រើភ្នែករបស់ខ្លួន មើលទូរទស្សន៍ ខ្សែភាពយន្ត ព្រឹត្តិការណ៍ អ្វីៗដែលនៅជុំវិញ និងសង្កេតមើលអាកប្បកិរិយារបស់អ្នកដទៃ ជាពិសេសនៅក្នុងគ្រួសាររបស់ពួកគេ។
ជាពិសេស បុរសជាឪពុកអាចមានឥទ្ធិពលដ៏មានអំណាច មកលើកូនៗរបស់ខ្លួន។ យ៉ាងណាមិញ សាវ័កប៉ុលបានលើកទឹកចិត្តឪពុកទាំងឡាយ “កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ”(អេភេសូរ ៦:៤)។ សូមយើងពិចារណា អំពីគំរូដ៏មានអំណាច របស់ឪពុកទាំងឡាយ ដែលមានអាកប្បកិរិយ៉ា និងពាក្យសម្តី ដែលនាំឲ្យកូនៗរបស់ខ្លួនកោតសរសើរ។ គាត់មិនមែនជាមនុស្សល្អឥតខ្ចោះទេ តែគាត់កំពុងតែដើរតាមផ្លូវត្រូវហើយ។ ពេលដែលសកម្មភាពរបស់យើងឆ្លុះបញ្ចាំងអំពីបុគ្គលិកលក្ខណៈរបស់ព្រះ ជាជាងធ្វើឲ្យគេយល់ខុសអំពីព្រះអង្គ នោះព្រះអង្គកំពុងតែធ្វើការក្នុងជីវិតយើង ដោយអំណាចដ៏អស្ចារ្យសម្រាប់ធ្វើការល្អ។
នេះជាការពិបាកសម្រាប់ឪពុកម្តាយទាំងឡាយ ដូចនេះ វាមិនមែនជារឿងចៃដន្យទេ ដែលសាវ័កប៉ុលបានជម្រុញយើង ឲ្យ “មានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់”(ខ.១០)។ មានតែតាមរយៈកម្លាំងរបស់ព្រះអង្គទេ ដែលយើងអាចឆ្លុះបញ្ចាំងសេចក្តីស្រឡាញ់ និងការអត់ធ្មត់នៃព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។
យើងបង្រៀនកូនៗរបស់យើង តាមរយៈគំរូនៃការរស់នៅរបស់យើង បានច្រើនជាង តាមរយៈពាក្យសម្តីរបស់យើង។-David Mccasland