យោងតាមការសិក្សាមួយ ដែលបានធ្វើការវាស់ស្ទុងជំហាននៃជីវិតរបស់ប្រជាជន នៅទីក្រុង ក្នុង៣២ប្រទេស បានឲ្យដឹងថា ប្រជាជនដែលមានការប្រញាប់ប្រញាល់ជាងគេ គឺប្រជាជនដែលកំពុងរស់នៅក្នុងប្រទេសសឹង្ហបូរី។ ពួកគេដើរក្នុងល្បឿន១៨ម៉ែត្រ ក្នុងរយៈពេល១០:៥៥វិនាទី បើធៀបនឹងអ្នករស់នៅក្នុងក្រុងញូយ៉ក ដែលចំណាយពេល១២វិនាទី និងអ្នកដែលរស់នៅក្នុងទីក្រុងប្លាន់ទា ប្រទេសម៉ាឡាវី ក្នុងទ្វីបអាហ្វ្រិក ដែលបានចំណាយពេល៣១:៦០ វិនាទី។
ប៉ុន្តែ ទោះបីជាអ្នកកំពុងរស់នៅទីណាក៏ដោយ ការសិក្សាបានបង្ហាញថា ល្បឿននៃការដើររបស់មនុស្សបានកើនឡើង ១០ភាគរយ ជាមធ្យម ក្នុងរយៈពេល២០ឆ្នាំមកនេះ។ បើសិនជាល្បឿននៃការដើររបស់មនុស្ស ជាសញ្ញាបង្ហាញអំពីជំហាននៃជីវិតមនុស្ស នោះមានន័យថា មនុស្សយើងសព្វថ្ងៃ ពិតជាមានការរវល់កាន់តែខ្លាំងជាងមុន។
តើអ្នកកំពុងតែជាប់នៅក្នុងភាពរញេរញ៉ៃ នៃការរស់នៅដ៏មមាញឹកឬ? ចូរបង្អង់ឈប់សិន ហើយពិចារណាអំពីព្រះបន្ទូល ដែលព្រះយេស៊ូវបានមានមកកាន់នាងម៉ាថាថា “នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ មានសេចក្តីតែ១ទេ ដែលសម្រាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ”(លូកា ១០:៤១-៤២)។
ត្រង់ចំណុចនេះ សូមកត់សំគាល់ព្រះបន្ទូលដ៏ស្រទន់របស់ព្រះយេស៊ូវចុះ។ ព្រះអង្គមិនបានស្តីបន្ទោសឲ្យនាងម៉ាថា ដោយសារនាងចង់បម្រើភ្ញៀវឲ្យបានល្អនោះទេ តែផ្ទុយទៅវិញ ព្រះអង្គបានរំឭកនាង អំពីការអ្វីដែលនាងត្រូវយកជាអាទិភាព។ នាងម៉ាថាមានកិច្ចការដ៏ចាំបាច់ជាច្រើនដែលត្រូវធ្វើ ប៉ុន្តែ នាងបានរាប់ការនោះជាសំខាន់ពេក។ ពេលនោះ នាងក៏បានជាប់រវល់ក្នុងការធ្វើកិច្ចការល្អៗជាច្រើន បានជានាងមិនចំណាយពេលអង្គុយនៅទៀបព្រះបាទព្រះយេស៊ូវ។
ពេលដែលយើងខិតខំធ្វើការ ឲ្យបានផលផ្លែច្រើន ថ្វាយព្រះអម្ចាស់ សូមយើងនឹកចាំអំពីការមួយ ដែលសមនឹងឲ្យយើងយកចិត្តទុកដាក់បំផុតនោះ គឺការអសប្បាយនឹងការចំណាយពេលជាមួយព្រះអម្ចាស់។-Poh Fang Chia