ជីតា និងឪពុករបស់ខ្ញុំ ព្រមទាំងបងប្អូនប្រុសរបស់គាត់ សុទ្ធសឹងជាមនុស្សដែលមានចិត្តរឹង។ ពួកគាត់មិនឲ្យតម្លៃ អ្នកដែល “ចូលចិត្តប្រាប់ពួកគាត់ អំពីសេចក្តីជំនឿ”ឡើយ។ ពេលដែលគ្រូពេទ្យបានពិនិត្យរកឃើញថា ឪពុករបស់ខ្ញុំមានជម្ងឺមហារីក ដែលរាលដាលយ៉ាងឆាប់រហ័ស ដែលនឹងបណ្តាលឲ្យគាត់ស្លាប់ ខ្ញុំមានការបារម្ភពីគាត់ណាស់ បានជាខ្ញុំតែងតែនិយាយប្រាប់គាត់ អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ឲ្យតែមានឱកាស។ ពេលនោះ ខ្ញុំក៏ជៀសមិនផុតពីត្រូវគាត់បញ្ចប់ការសន្ទនា ដោយពាក្យគួរសម និងម៉ឺងម៉ាត់ថា “ប៉ាដឹងហើយ កូនមិនចាំបាច់ប្រាប់ប៉ាទេ”។
ខ្ញុំក៏បានសន្យាថា នឹងមិននិយាយអំពីរឿងដដែលនោះទៀតទេ ហើយខ្ញុំក៏បានឲ្យកាតមួយឈុត ដែលមានអក្សរនិងរូបភាព ដែលនិយាយអំពីការអត់ទោសបាប ដែលព្រះបានប្រទានមក ដែលគាត់អាចអាននៅពេលណាក៏បាន។ ខ្ញុំក៏បានថ្វាយឪពុករបស់ខ្ញុំ ដាច់ដល់ព្រះអង្គ ហើយក៏បានអធិស្ឋានឲ្យគាត់។ មានមិត្តភ័ក្ររបស់ខ្ញុំម្នាក់ក៏បានទូលសូមព្រះយេស៊ូវ ឲ្យទុកជីវិតឲ្យគាត់បានរស់នៅយូរល្មម នឹងអាចស្គាល់ព្រះអង្គ។
នៅពេលរសៀលថ្ងៃមួយ គេបានទូរស័ព្ទមកប្រាប់ខ្ញុំថា ឪពុករបស់ខ្ញុំបានលាចាកលោកហើយ។ ពេលខ្ញុំទៅទទួលបងប្រុសខ្ញុំ នៅអាកាសយាន្តដ្ឋាន គាត់បានប្រាប់ខ្ញុំថា “ប៉ាបានឲ្យបងនិយាយប្រាប់ឯងថា គាត់បានទូលសូមព្រះយេស៊ូវ ឲ្យអត់ទោសបាបគាត់ហើយ”។ ខ្ញុំក៏សួរគាត់ថា “គាត់បានប្រាប់បងនៅពេលណា?” គាត់ថា “គឺនៅពេលព្រឹក ថ្ងៃដែលគាត់ទៅនៅជាមួយព្រះអង្គ”។ ដូចនេះ ព្រះបានបង្ហាញ “សេចក្តីមេត្តាករុណា” ចំពោះគាត់ ដូចដែលព្រះអង្គបានបង្ហាញចំពោះយើងដែរ(១ធីម៉ូថេ ១:១៦)។
ជួនកាល យើងជជែកគ្នាអំពីដំណឹងល្អ នៅពេលខ្លះ យើងចែកចាយ អំពីរឿងរបស់យើង តែនៅពេលខ្លះទៀត យើងគ្រាន់តែបង្ហាញនូវទីបន្ទាល់នៃជីវិតរបស់យើង ដែលមានលក្ខណៈដូចព្រះយេស៊ូវ ដោយមិនបាច់និយាយអ្វីច្រើនប្រាប់គេទេ ហើយយើងតែងតែអធិស្ឋានឲ្យគេទទួលជឿព្រះអង្គផងដែរ។ យើងដឹងថា សេចក្តីសង្រ្គោះជាកិច្ចការរបស់ព្រះ មិនមែនជាការអ្វីដែលយើងអាចធ្វើសម្រាប់អ្នកដទៃឡើយ។ ព្រះជាព្រះដែលប្រកបដោយព្រះគុណ ហើយទោះបីជាការអធិស្ឋានរបស់យើង មានលទ្ធផលយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចទុកចិត្តព្រះអង្គជានិច្ច។-Randy Kilgore