មានរឿងមួយបានដំណាលថា តាំងពីយូរមកហើយ មានក្មេងប្រុសម្នាក់បានឡើងជិះរថភ្លើង ក្នុងបំណងរកកំរៃ ពីការលក់ផ្លែប៉ោម។ វាក៏បានដើរកាត់តាមទូរថភ្លើង ដោយអំពាវនាវថា “ផ្លែប៉ោម អើយ ផ្លែប៉ោម មាននរណាចង់ទិញផ្លែប៉ោមទេ?” វាដើររហូតដល់កន្ទុយរថភ្លើងហើយ នៅតែលក់មិនបានផ្លែប៉ោមមួយសោះ។
មានសុភាពបុរសម្នាក់បានកត់សំគាល់ អំពីការលំបាករបស់វា ក៏បានហៅវាឲ្យមកក្បែរគាត់ ហើយសុំមើលផ្លែប៉ោមមួយផ្លែ។ គាត់ក៏បានយកផ្លែប៉ោមនោះ ដើរទៅក្បាលរថភ្លើង ដោយយកកូនកន្សែងជូតផ្លែប៉ោមនោះ ឲ្យភ្លឺរលោង រួចក៏ដើរកាត់តាមទូរថភ្លើងបណ្តើរ ញាំផ្លែប៉ោមនោះបណ្តើរ ព្រមទាំងលាន់មាត់ថា ផ្លែប៉ោមនោះនៅស្រស់ ហើយឆ្ងាញ់ណាស់។ បន្ទាប់មក គាត់ក៏បានប្រាប់ក្មេងប្រុសនោះ ឲ្យសាកដើរលក់ម្តងទៀត។ ពេលនេះ វាក៏បានលក់ផ្លែប៉ោមអស់ពីក្នុងស្បោង។ តើលោកអ្នកឃើញមានអ្វីប្លែកទេ? បុរសម្នាក់នោះបានធ្វើឲ្យផ្លែប៉ោមមានភាពទាក់ទាញយ៉ាងខ្លាំង ដល់អ្នកទិញដ៏មានសក្តានុពលទាំងឡាយ។
រឿងនេះបានរំឭកយើង អំពីវីធីដែលយើងអាចនាំអ្នកដទៃ ឲ្យចាប់អារម្មណ៍ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺធ្វើឲ្យដំណឹងល្អមានភាពទាក់ទាញចំពោះពួកគេ ដោយបង្ហាញពួកគេអំពីការផ្លាស់ប្រែ ដែលដំណឹងល្អបានធ្វើឲ្យមាន ក្នុងជីវិតយើង។ យើងអាចធ្វើឲ្យគេមានការទាក់ទាញបំផុត ពេលដែលយើងអនុវត្តតាមការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរ កូល៉ុស ៤:៥ ដែលបានចែងថា “ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង”។ បើយើងបង្ហាញចេញនូវចិត្តសប្បុរស សេចក្តីស្រឡាញ់ និងក្តីអាណិត ដល់អ្នកដទៃ នោះអ្នកដែលសង្កេតមើលយើងនឹងឆ្ងល់ថា ហេតុអ្វីបានជាយើងមានចរិយាសម្បត្តិល្អដូចនេះ ហើយពេលនោះ យើងនឹងមានឱកាស ប្រាប់ពួកគេអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះអង្គមានចំពោះពួកគេ។-Dave Branon