លោកវីលៀម ហ្ស៊ីនស័រ(Williams Zinsser) បាននិពន្ធសៀវភៅដែលមានចំណងជើងថា ការសរសេរបានល្អ ដែលក្នុងនោះ គាត់បានមានប្រសាសន៍ថា អ្នកនិពន្ធជាច្រើនបរាជ័យ ដោយសារពួកគេ “គិតអំពីការលក់សៀវភៅរបស់ខ្លួនខ្លាំងពេក”។ ពួកគេខ្វល់អំពីការលក់អត្ថបទ ឬសៀវភៅរបស់ខ្លួនខ្លាំងណាស់ បានជាពួកគេមិនបានអើពើរ ចំពោះការរៀនសូត្រអំពីដំណើរការនៃសរសេរ ដែលត្រូវគិត ធ្វើគម្រោង និងរៀបចំការសរសេរឲ្យបានល្អ។ លោកហ្ស៊ីនស័រជឿថា អ្នកនិពន្ធសរសេរមិនបានល្អ ពេលដែលពួកគេ “សរសេរ ដូចកីឡាករដែលផ្តោតទៅលើគោលដៅពេក ហើយមិនបានគិតពីរបៀបរត់ប្រណាំងឲ្យបានល្អ”។ ត្រង់ចំណុចនេះ លោកអេ ដាប់ប៊លយូ តូហ្ស័រ(A. W. Tozer) ដែលជាអ្នកនិពន្ធ និងអ្នកបម្រើព្រះ បានមានប្រសាសន៍ថា យើងក៏ប្រើគោលការណ៍ដូចនេះ ក្នុងជីវិតខាងវិញ្ញាណរបស់យើងផងដែរ។ គាត់បាននិពន្ធសៀវភៅមានចំណងជើងថា ឫសគល់ នៃពួកបរិសុទ្ធ ដែលក្នុងនោះ គាត់បានរៀបរាប់អំពីការដែលយើងច្រើនតែខ្វល់អំពីផលផ្លែ … ហើយមិនបានអើពើចំពោះឫសគុល ដែលនាំឲ្យមានផលផ្លែនោះទេ”។
យ៉ាងណាមិញ សាវ័កពេត្រុសបានរំឭកពួកជំនុំ នៅសតវត្សរ៍ទី១ថា ការរស់នៅដែលមានលក្ខណៈដូចព្រះគ្រីស្ទ និងការធ្វើការបម្រើព្រះដែលមានប្រសិទ្ធិភាព គឺជាលទ្ធផលដែលទទួលបាន ដោយសារមានដំណើរការល្អ។ គាត់បានលើកទឹកចិត្តពួកគេឲ្យមានការលូតលាស់ ក្នុងផ្នែកទាំង៨ នៃការលូតលាស់ខាងវិញ្ញាណ ដែលមានដូចជា សេចក្តីជំនឿ គុណធម៌ ចំណេះដឹង ការដឹងខ្នាត ការអត់ធ្មត់ ការគោរពប្រតិបត្តិព្រះ ការរាប់អានគ្នាជាបងប្អូន និងសេចក្តីស្រឡាញ់(២ពេត្រុស ១:៥-៧)។ លោកពេត្រុសបានមានប្រសាសន៍ថា បើមានសេចក្តីទាំងនោះចម្រើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ “នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ”(ខ.៨)។
ព្រះអម្ចាស់បានត្រាសហៅយើង ឲ្យឆ្លងកាត់ដំណាក់កាលដ៏អស្ចារ្យនៃការរៀនស្គាល់ព្រះអង្គ ដោយធានាយើងថា យើងនឹងមានផលផ្លែក្នុងការងារបម្រើព្រះអង្គ ក្នុងព្រះនាមព្រះអង្គ និងដើម្បីព្រះកិត្តិនាមព្រះអង្គ។-David Mccasland