នៅលើតំបន់ខ្ពង់រាបក្នុងវាលរហោស្ថាន អាតាកាម៉ា នៅប្រទេសឈីលី មានកែវយឺតមើលផ្កាយមួយ ដែលស្ថិតក្នុងចំណោមកែវយឺតមើលផ្កាយដ៏ធំបំផុតក្នុងពិភពលោក ដែលប្រើរលកវិទ្យុ។ កែវយឺតនោះផ្តល់ឲ្យក្រុមអ្នកតារាសាស្រ្ត នូវរូបភាពនៃចក្រវាឡ ដែលគេមិនធ្លាប់បានឃើញពីមុនមក។ ក្នុងអត្ថបទកាសែត Associated Press លោកលូវីស អនដ្រេស ហេណាវ(Luis Andres Henao) បានមានប្រសាសន៍ថា អ្នកវិទ្យាសាស្រ្ត នៅតាមបណ្តាប្រទេសជាច្រើន “កំពុងស្វែងរកតំរុយ នៃដើមកំណើតនៃចក្រវាឡ ដោយស្រាវជ្រាវឧស្ម័នដែលត្រជាក់បំផុត និងលម្អងធូលី ដែលមានការផ្សំគ្នាជាបណ្តុំផ្កាយហ្កាឡាក់ស៊ី ហើយផ្កាយទាំងឡាយកើតឡើងពីថាមពល ដែលកើតឡើងពីបន្ទុះប៊ីក ប៊ែង”។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីអំណាចដ៏អស្ចារ្យ និងប្រាជ្ញាដែលគ្មានដែនកំណត់របស់ព្រះ ដែលបានបង្កើតចក្រវាល ឲ្យមានផ្កាយ និងភពទាំងអស់ ហើយព្រះអង្គ “រាប់ចំនួននៃអស់ទាំងផ្កាយ ក៏ហៅបានតាមឈ្មោះទាំងអស់”(ទំនុកដំកើង ១៤៧:៤)។ ព្រះអង្គបានបង្កើតរបស់សព្វសារពើមក ដោយអំណាចចេស្តា និងក្តីស្រឡាញ់របស់ព្រះអង្គ ដូចនេះ ព្រះអង្គមិនមែនជាអំណាចដែលនៅដាច់ឆ្ងាយពីយើង ដែលមិនបានខ្វល់ពីយើងសោះនោះទេ តែជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលមានក្តីស្រឡាញ់ និង “ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា ក៏រុំរបួសឲ្យគេផង”(ខ.៣)។ ព្រះអង្គជ្រុំជ្រែងមនុស្សរាបសា(ខ.៦) ហើយ “សព្វព្រះហឫទ័យតែនឹងអស់អ្នក ដែលកោតខ្លាចទ្រង់ ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្តីសប្បុរសរបស់ទ្រង់”(ខ.១១)។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ(យ៉ូហាន ៣:១៦)។
លោកយេ ប៊ី ភីលីព(J. B. Phillips) មានប្រសាសន៍ថា ផែនដីជា “ពិភពដែលព្រះបានយាងចុះមក” ហើយព្រះនៃសិរីល្អ កំពុងតែសម្រេចផែនការរបស់ព្រះអង្គ នៅលើពិភពនេះ។ ក្តីសង្ឃឹមរបស់យើងសម្រាប់ថ្ងៃនេះ និងទៅអនាគតដែលគ្មានទីបញ្ចប់ គឺពឹងផ្អែកទៅលើសេចក្តីមេត្តារបស់ព្រះនៃក្តីស្រឡាញ់ ដែលបានហៅផ្កាយនីមួយៗតាមឈ្មោះរៀងខ្លួន។-David McCasland