យន្តហោះឈ្មោះ សូឡា អ៊ីមផាល(Solar Impulse) មានដំណើរការ ដោយថាមពលព្រះអាទិត្យ ដែលអាចឲ្យវាបានហោះហើរបានទាំងយប់ថ្ងៃ ដោយមិនប្រើប្រេងឥន្ធនៈ។ លោកបឺត្រាន ពីកាដ(Bertrand Piccard) និងលោក អនដ្រេ បូសបឺក(Andre Borschberg) ជាអ្នកឆ្នែបង្កើតយន្តហោះនេះឡើង។ អ្នកទាំងពីរសង្ឃឹមថា ខ្លួនអាចបើកយន្តហោះនេះ ជុំវិញពិភពលោក។ យន្តហោះនេះអាចហោះហើរពេញមួយថ្ងៃ ដោយថាមពលព្រះអាទិត្យ ហើយទន្ទឹមនឹងនោះ វាក៏បានសន្សំថាមពលល្មមនឹងអាចហោះហើរពេញមួយយប់ទៀត។ បានជាលោកពីកាដមានប្រសាសន៍ថា “នៅថ្ងៃបន្ទាប់ ថ្ងៃក៏បានរះឡើង ដែលនាំឲ្យយើងក៏មានក្តីសង្ឃឹមជាថ្មីថា យើងអាចបន្តហោះហើរទៀត”។
ពេលដែលខ្ញុំគិតអំពីការដែលថ្ងៃរះនាំមកនូវក្តីសង្ឃឹម ខ្ញុំក៏បាននឹកចាំអំពីបទគម្ពីរបរិទេវ ជំពូក៣ ដែលខ្ញុំបានអាន តាមកាលវិភាគប្រចាំថ្ងៃ។ បទគម្ពីរនេះបានចែងថា “ខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង។ គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(ខ.២១-២៣)។ ពេលដែលរាស្រ្តរបស់ព្រះកំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ដោយសារទីក្រុងយេរូសាឡិម កំពុងតែត្រូវចក្រភពបាប៊ីឡូនឈ្លានពាន លោកយេរេមាបានមានប្រសាសន៍ថា ពួកគេនៅតែអាចមានក្តីសង្ឃឹម ព្រោះព្រះអម្ចាស់នៅតែមានសេចក្តីមេត្តា និងក្តីអាណិតអាសូរ។
ជួនកាល សេចក្តីទុក្ខយើងហាក់ដូចជាកាន់តែអាក្រក់ឡើង នៅពេលយប់ ប៉ុន្តែ ថ្ងៃរះនៅថ្ងៃបន្ទាប់ ក៏បាននាំមកនូវក្តីសង្ឃឹមជាថ្មី គឺសង្ឃឹមថា យើងអាចបន្តទៅមុខទៀត។ គឺដូចមានសេចក្តីចែងទុកថា “ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្តីអំណរឡើងដែរ”(ទំនុកដំកើង ៣០:៥)។
ទូលបង្គំសូមអរព្រះគុណព្រះអម្ចាស់ សម្រាប់សេចក្តីសង្ឃឹម ដែលព្រះអង្គប្រទាននៅពេលថ្ងៃ។ សេចក្តីមេត្តា និងក្តីអាណិតរបស់ព្រះអង្គមានជាថ្មីទៀត នៅពេលព្រឹកឡើង!-Anne Cetas