ក្នុងឆ្នាំ១៨៥៩ ក្នុងអំឡុងពេលដ៏វឹកវរ មុនពេលសង្រ្គាមស៊ីវិលនៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) មានឱកាសឡើងថ្លែងសន្ទរកថា ទៅកាន់សមាគមន៍កសិកម្ម ក្នុងក្រុងមីវូគី រដ្ឋវីសខុនស៊ីន។ ពេលនោះ គាត់បានចែកចាយ អំពីរឿងរបស់ស្តេចនៅសម័យបុរាណមួយអង្គ ដែលស្វែងរកពាក្យសម្តី “ដែលនិយាយត្រូវ ហើយសមរម្យ សម្រាប់គ្រប់សម័យកាល និងគ្រប់ស្ថានភាពទាំងអស់”។ បណ្តាទីប្រឹក្សាដ៏ឆ្លាតវ័យរបស់ទ្រង់ ក៏បានទូលថ្វាយទ្រង់ថា “ពាក្យសម្តីប្រភេទនោះ ក៏គង់តែកន្លងផុតទៅដែរ។ គ្មានអ្វីដែលស្ថិតស្ថេរទេ”។
ជាការពិតណាស់ ពាក្យមួយប្រយោគនេះពិតជានិយាយត្រូវ សម្រាប់ពិភពលោក ក្នុងពេលបច្ចុប្បន្ន ដែលការអាក្រក់កំពុងតែកើនឡើងជានិច្ច។ បញ្ហានេះមិនគ្រាន់តែបានកើតឡើង ចំពោះពិភពលោកប៉ុណ្ណោះទេ ព្រោះយើងក៏កំពុងតែប្រឈមមុខនឹងការពិត ក្នុងជីវិតយើង ដែលពេលវេលាដែលយើងនៅសល់លើផែនដីនេះ កំពុងតែខើចទៅៗ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ”(យ៉ាកុប ៤:១៤)។
ទោះបីជាជីវិតយើងសព្វថ្ងៃ គ្រាន់តែជាជីវិតបណ្តោះអាសន្ន ហើយនឹងត្រូវបញ្ចប់ក៏ដោយ ក៏ព្រះដែលយើងថ្វាយបង្គំ និងបម្រើ គឺជាព្រះដ៏អស់កល្បជានិច្ច។ ព្រះអង្គបានចែករំលែកជីវិតអស់កល្បជាមួយយើង តាមរយៈព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវគ្រីស្ទ ដែលជាអំណោយដល់យើងរាល់គ្នា។ ព្រះអង្គបានសន្យាថា យើងនឹងមានជីវិតដែលនឹងគ្មានទីបញ្ចប់។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។
ពេលព្រះគ្រីស្ទយាងមកវិញ ព្រះអង្គនឹងទទួលយើង ទៅនៅជាមួយព្រះអង្គអស់កល្បជានិច្ច!-Bill Crowder