អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) ជាវីវរនារីម្នាក់ សម្រាប់ជំនាន់មនុស្ស ដែលបានធំធាត់ បន្ទាប់ពីសម័យសង្រ្គាមលោកលើកទី២។ គាត់បានបន្សល់ទុកនូវកេរដំណែលនៃការគោរពប្រតិបត្តិព្រះ និងប្រាជ្ញា។ ក្នុងនាមជាជនរងគ្រោះ នៃពួកណាហ្ស៊ីអាឡឺម៉ង់ ដែលបានឈ្លានពាន និងគ្រប់គ្រងប្រទេសហូឡង់ គាត់បានរួចជីវិត ហើយក៏បានចែកចាយអំពីទីបន្ទាល់នៃក្តីជំនឿ និងការពឹងផ្អែកលើព្រះ ក្នុងអំឡុងពេលនៃទុក្ខវេទនាដ៏រន្ធត់។
មានពេលមួយ អ្នកស្រីខូរីបានមានប្រសាសន៍ថា “ខ្ញុំមានរបស់ជាច្រើននៅក្នុងដៃខ្ញុំ ហើយខ្ញុំក៏បានបាត់បង់ទាំងអស់ តែអ្វីៗដែលខ្ញុំបានថ្វាយដាច់ ក្នុងព្រះហស្តព្រះ មិនដែលបាត់បង់ទៅណាទេ”។
អ្នកស្រីខូរីបានយល់ច្បាស់ អំពីការបាត់បង់។ គាត់បានបាត់បង់គ្រួសារ និងទ្រព្យសម្បត្តិ ហើយបានបាត់បង់រយៈពេលជាច្រើនឆ្នាំនៃជីវិតរបស់គាត់ ដោយសារមនុស្សដែលគួរឲ្យស្អប់។ ប៉ុន្តែ នាងបានរៀនផ្តោតចិត្តទៅលើការអ្វី ដែលនាងអាចរកបាន ខាងផ្លូវវិញ្ញាណ និងផ្លូវអារម្មណ៍ ដោយថ្វាយអ្វីៗគ្រប់យ៉ាង ក្នុងព្រះហស្តនៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌។
តើរឿងនេះបានបង្រៀនយើងអ្វីខ្លះ? តើយើងគួរថ្វាយអ្វីខ្លះ ក្នុងព្រះហស្តព្រះ ដើម្បីកុំឲ្យមានការបាត់បង់? បើតាមរឿងដែលនិយាយអំពីបុរសវ័យក្មេងម្នាក់ ក្នុងបទគម្ពីរម៉ាកុស ជំពូក១០ យើងត្រូវថ្វាយអ្វីៗគ្រប់យ៉ាង ដល់ព្រះអង្គ។ គាត់មានទ្រព្យសម្បត្តិជាបរិបូរក្នុងដៃគាត់ តែពេលដែលព្រះយេស៊ូវឲ្យគាត់លះបង់ទាំងអស់ គាត់ក៏បានបដិសេធមិនព្រមធ្វើតាមព្រះអង្គទេ។ គាត់បានរក្សាទុកនូវទ្រព្យសម្បត្តិរបស់គាត់ ហើយមិនបានដើរតាមព្រះយេស៊ូវទេ ហើយជាលទ្ធផល គាត់ក៏បាន “ចេញទៅទាំងក្តីទុក្ខ”(ខ.២២)។
យើងក៏អាចរកឃើញក្តីសង្ឃឹម និងថ្វាយអ្វីៗក្នុងព្រះហស្តព្រះ ហើយទុកចិត្តព្រះអង្គ ចំពោះលទ្ធផលដែលយើងនឹងទទួល គឺមិនខុសពីអ្នកស្រីខូរី ធែន ប៊ូនឡើយ។-Dave Branon