ខ្ញុំមិនដែលភ្លេចពេលដែលខ្ញុំនៅអង្គុយកំដរ ក្បែរគ្រែគេងរបស់ឪពុកខ្ញុំ ដែលកាលនោះ គាត់អាចចំណាយពេលជាមួយយើង តែពីរបីថ្ងៃទៀតប៉ុណ្ណោះ មុនពេលគាត់លាចាកលោក ទៅនៅជាមួយព្រះអស់កល្បជានិច្ច។ ការលាចាកលោករបស់គាត់ នៅតែបន្តដក់ជាប់ក្នុងចិត្តខ្ញុំយ៉ាងខ្លាំង រហូតមកដល់សព្វថ្ងៃនេះ។ ឪពុករបស់ខ្ញុំ តែងតែត្រៀមខ្លួនជួយខ្ញុំជានិច្ច។ ខ្ញុំអាចទូរស័ព្ទទៅគាត់ ពេលណាខ្ញុំត្រូវការការប្រឹក្សាយោបល។ ខ្ញុំនៅចាំយ៉ាងច្បាស់ ថ្ងៃដែលយើងបានទៅស្ទូចត្រីជាមួយគ្នាបណ្តើរ ជជែកគ្នាបណ្តើរអំពីព្រះ និងព្រះគម្ពីរ ហើយខ្ញុំបានទទូចឲ្យគាត់និយាយអំពីរឿងដ៏សប្បាយរីករាយរបស់គាត់ កាលពីក្មេង នៅក្នុងកសិដ្ឋាន។
ប៉ុន្តែ ពេលដែលឪពុករបស់ខ្ញុំផុតដង្ហើម ខ្ញុំក៏បានដឹងថា សេចក្តីស្លាប់គឺជាការបញ្ចប់ជីវិតលើផែនដី ហើយយើងមិនអាចធ្វើឲ្យអ្នកស្លាប់ត្រឡប់មកវិញបានឡើយ។ ពេលនោះ ខ្ញុំមានអារ្មណ៍ថា ចិត្តរបស់ខ្ញុំមានចន្លោះប្រហោងដ៏ធំ។
ប៉ុន្តែ សូម្បីតែនៅក្នុងពេលដែលមានការបាត់បង់ និងការសោកសង្រេងដូចនេះក៏ដោយ ក៏ព្រះបន្ទូលព្រះនៅតែលើកទឹកចិត្តខ្ញុំ។ សាវ័កប៉ុលបានបង្រៀនយើងថា ពេលព្រះអម្ចាស់យេស៊ូវយាងមកវិញ អ្នកដែលបានស្លាប់ក្នុងព្រះគ្រីស្ទមុនពេលនោះ នឹងបានរស់ឡើងវិញជាមុនបង្អស់ “រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច ៤:១៧)។ នោះជាការជួបជុំគ្នា ដែលខ្ញុំកំពុងទន្ទឹងរង់ចាំ! ពេលនោះ ខ្ញុំមិនគ្រាន់តែបានជួបជុំជាមួយឪពុករបស់ខ្ញុំប៉ុណ្ណោះទេ តែថែមទាំងបាននៅជាមួយព្រះអម្ចាស់ជារៀងរហូត។
លោកស៊ីអេស លូអ៊ីស(C. S. Lewis) បានមានប្រសាសន៍ថា “គ្រីស្ទបរិស័ទមិនបែកគ្នាជារៀងរហូតទេ”។ ខ្ញុំកំពុងរង់ចាំការជួបជុំនៅថ្ងៃចុងក្រោយ ដោយចិត្តអន្ទះសារ!-Joe Stowell