ប្ទេសជាច្រើនបានបង្កើតច្បាប់សុខាភិបាល ដែលហាមមិនឲ្យគេយកពូកចាស់ៗ ទៅលក់ ឬប្រើឡើងវិញ ហើយតម្រូវឲ្យបោះចោលដូចសំរាម។ លោកធីម ឃីណាន(Tim Keenan) ក៏បានដោះស្រាយបញ្ហានេះ ហើយសព្វថ្ងៃនេះ មុខជំនួញរបស់គាត់បានជួលមនុស្សជាង១០នាក់ ឲ្យប្រមូលទុកនូវគ្រឿងផ្សំនីមួយៗ របស់ពូកចាស់ៗ ដែលមានដូចជា ដែក ក្រណាត់ និងអេប៉ុង សម្រាប់កែច្នៃឡើងវិញ។ ប៉ុន្តែ រឿងនេះមិនមែនមានតែប៉ុណ្ណេះទេ។ លោកប៊ីល វ៉ូគ្រីន(Bill Vogrin) ដែលជាអ្នកកាសែតបានសរសេរថា “លោកឃីណានយកទៅកែច្នៃគ្រឿងទាំងអស់នោះឡើងវិញ … តែគាត់មានជោគជ័យបំផុត នៅក្នុងការកែច្នៃមនុស្ស”(ដកស្រង់ចេញពីកាសែត ខូឡូរ៉ាដូ ស្ព្រីង)។ លោកឃីណាន បានជួលពួកប្រុសៗ  ដែលចេញពីមន្ទីកែប្រែ  និងអ្នកដែលរស់នៅតាមជញ្ចើមថ្នល់ ឲ្យពួកគេមានការងារធ្វើ និងមានឱកាសជាលើកទីពីរ។ គាត់មានប្រសាសន៍ថា “យើងបានជួលមនុស្ស ដែលគេមិនចង់រាប់រក ឲ្យធ្វើការជាមួយយើង”។

បទគម្ពីរលូកា ៥:១៧-២៦ បាននិយាយ អំពីការដែលព្រះយេស៊ូវបានប្រោសរូបកាយ  និងវិញ្ញាណរបស់ជនពិការម្នាក់។  បន្ទាប់ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានកើតឡើងហើយ លោកលេវីបានឆ្លើយតបការត្រាសហៅរបស់ព្រះយេស៊ូវ ឲ្យដើរតាមព្រះអង្គ ហើយបន្ទាប់មក គាត់ក៏បានអញ្ជើញមិត្តភ័ក្តិរបស់គាត់ដែលជាពួកយកពន្ធដូចគ្នា និងមិត្តភ័ក្តិដទៃទៀត ឲ្យមកជប់លៀង ដើម្បីជាការគោរពដល់ព្រះអម្ចាស់(ខ.២៧-២៩)។ ពេលដែលអ្នកខ្លះបានចោទព្រះយេស៊ូវថា បានសោយអាហារជាមួយពួកអ្នកយកពន្ធ និងមនុស្សមានបាប(ខ.៣០) ព្រះអង្គក៏បានរំឭកពួកគេថា មនុស្សដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ ហើយមានបន្ទូលទៀតថា ព្រះអង្គមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញ(ខ.៣២)។

សម្រាប់អ្នកដែលមានអារម្មណ៍ថា “ត្រូវគេបោះបង់ចោល” ដូចសំរាម នោះព្រះយេស៊ូវរង់ចាំទទួលពួកគេ ដោយព្រះហស្តនៃសេចក្តីស្រឡាញ់ ហើយប្រទាននូវការចាប់ផ្តើមជីវិតជាថ្មី។ ហេតុនេះហើយបានជាព្រះអង្គបានយាងចុះមក ក្នុងលោកិយនេះ!-David McCasland