មានពេលមួយ ខ្យល់ព្យុះកំពុងតែចាប់ផ្តើមបក់បោកមករកទីក្រុងពីចម្ងាយ ប៉ុន្តែ ទន្ទឹមនឹងនោះ មិត្តភក្តិរបស់ខ្ញុំម្នាក់ ក៏កំពុងជួបព្យុះ ក្នុងគ្រួសាររបស់គាត់ផងដែរ។ គាត់បានចែកចាយថា កាលគាត់នៅទីក្រុងហុងកុង ក្រុមព្យាករណ៍ឧតុនិយមបានប្រកាសថា មានខ្យល់ព្យុះដ៏ធំមួយកំពុងបក់បោកមកហើយ។ ប៉ុន្តែ ខ្យល់ព្យុះមិនគ្រាន់តែមាននៅក្រៅផ្ទះរបស់គាត់ឡើយ សូម្បីតែនៅក្នុងផ្ទះគាត់ក៏មានខ្យល់ព្យុះផងដែរ។ ពេលដែលឪពុករបស់គាត់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រុមគ្រួសាររបស់គាត់ ត្រូវធ្វើដំណើរទៅមន្ទីរពេទ្យជាញឹកញាប់ បានជាពួកគេព្យាយាមថ្លឹងថ្លែងកិច្ចការគ្រួសារ និងការងារឲ្យបានស្មើគ្នា។ ពួកគេមានការអស់កម្លាំងណាស់ បានជាការអត់ធ្មត់ក៏មានការថយចុះ ហើយស្ថានភាពនៅក្នុងគ្រួសារមានភាពតានតឹងកាន់តែខ្លាំង។

ជីវិតយើងអាចជួបបញ្ហា ដែលធ្វើឲ្យយើងពិបាក ដូចខ្យល់ព្យុះ ដែលបក់បោកយើងចុះឡើង ដោយកម្លាំងខ្យល់នៃទុក្ខលំបាក ការទួញសោក ឬភាពតប់ប្រមល់។ ស្ថិតក្នុងពេលបែបនេះ តើយើងត្រូវងាកទៅរកជំនួយពីណា? មានពេលមួយ ពួកសាវ័ករបស់ព្រះយេស៊ូវ កំពុងជាប់នៅក្នុងខ្យល់ព្យុះដ៏ធំមួយ ហើយឆ្ងល់ថា ព្រះអង្គខ្វល់ពីពួកគេឬទេ ហើយពួកគេដឹងថា ខ្លួនត្រូវងាកទៅរកព្រះអង្គ។ ព្រះអង្គក៏បានបង្ហាញព្រះចេស្តា ឲ្យពួកគេឃើញ ដោយបង្ក្រាបខ្យល់ព្យុះឲ្យស្ងប់(ម៉ាកុស ៤:៣៨-៣៩)។

ប៉ុន្តែ ជាញឹកញាប់ ព្រះអង្គមិនបានបង្គាប់ឲ្យខ្យល់ព្យុះឈប់ភ្លាមៗ នោះទេ។ ហេតុនេះហើយ បានជាយើងប្រហែលជាមានអារម្មណ៍ថា ព្រះអង្គដូចជាមិនពីយើងសោះ គឺមិនខុសពីពួកសាវ័កទេ។ ដើម្បីជម្នះការភ័យខ្លាចរបស់យើង យើងអាចប្រកាន់ខ្ជាប់នូវសេចក្តីជំនឿរបស់យើង ដោយរំឭកខ្លួនឯងថា ព្រះអង្គជានរណា ហើយព្រះអង្គអាចធ្វើអ្វីខ្លះ។ យើងអាចចូលជ្រកក្នុងព្រះអង្គ(ទំនុកដំកើង ៩១:១)។ យើងអាចទទួលជំនួយពីព្រះអង្គ ដើម្បីឲ្យយើងអាចទំនាក់ទំនងជាមួយអ្នកដទៃ ដោយព្រះគុណព្រះអង្គ។ យើងអាចសម្រាក នៅក្នុងព្រះដ៏មានគ្រប់ចេស្តា មានគ្រប់ទំាងប្រាជ្ញា និងមានសេចក្តីស្រឡាញ់។ ព្រះអង្គគង់នៅជាមួយយើង ហើយពរយើង កាត់ ខ្យល់ព្យុះ។-Poh Fang Chia