ស្វាមីខ្ញុំមានមិត្តភ័ក្តិម្នាក់ ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជម្ងឺបាត់ការចងចាំ។ ពេលគិលានុបដ្ឋាយិកាចូលមកពិនិត្យសុខភាពគាត់ គាត់ក៏បានលើកដៃជាសញ្ញា ឲ្យនាងផ្អាក់ការពិនិត្យសុខភាពគាត់បន្តិចសិន។ គាត់ក៏ប្រាប់នាងថា គាត់ចង់ណែនាំនាងឲ្យស្គាល់មិត្តល្អបំផុតរបស់គាត់ គឺអ្នកដែលបានស្រឡាញ់គាត់យ៉ាងខ្លាំង។

ដោយសារនៅទីនោះ មិនឃើញមានអ្នកផ្សេងទៀត  គិលានុបដ្ឋាយិការូបនោះ គិតថា គាត់កំពុងរវើរវាយហើយ។ ប៉ុន្តែ បន្ទាប់មក នាងក៏បានដឹងថា  គាត់កំពុងនិយាយអំពីព្រះយេស៊ូវទេ។ នាងមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង តែនាងត្រូវប្រញាប់ទៅមើលថែរអ្នកជម្ងឺដទៃទៀត។ តែពេលនាងត្រឡប់មកវិញ ភាពងងឹតនៃការបាត់ការចងចាំក៏បានចូលមករកគាត់ម្តងទៀត បានជាគាត់មានការវង្វេងវង្វាន់សារជាថ្មី។

ទោះបីជាបុរសម្នាក់នេះ បានធ្លាក់ចូលក្នុងភាពងងឹតនៃជម្ងឺបាត់ការចងចាំក៏ដោយ ក៏គាត់នៅតែដឹងថា ព្រះអម្ចាស់ជាមិត្តសំឡាញ់ដ៏ល្អបំផុតរបស់គាត់។  ព្រះទ្រង់គង់នៅក្នុងជម្រៅដ៏ជ្រៅបំផុត នៃវិញ្ញាណរបស់យើង។  ព្រះអង្គអាចចាក់ទំលុះចិត្តដែលងងឹតបំផុត ហើយផ្តល់ការធានាថា ព្រះអង្គនៅតែមើលថែរយើង ដោយសុភាព និងដោយក្តីស្រឡាញ់។  ជាការពិតណាស់  ភាពងងឹតមិនអាចលាក់ខ្លួន ពីព្រះអង្គបានឡើយ(ទំនុកដំកើង ១៣៩:១២)។

យើងមិនដឹងថា អនាគតយើង និងអ្នកជាទីស្រឡាញ់របស់យើង នឹងទៅជាយ៉ាងណាទេ។ យើងក៏អាចធ្លាក់ចូលទៅក្នុងភាពងងឹតនៃជម្ងឺផ្លូវចិត្ត ជម្ងឺវង្វេងវង្វាន់ ឬបាត់ការចងចាំ នៅពេលដែលយើងមានវ័យចាស់។ ប៉ុន្តែ ទោះបីជាយើងមានបញ្ហានោះក៏ដោយ ក៏ព្រះហស្តព្រះអម្ចាស់ នៅតែដឹកនាំយើង  ហើយព្រះហស្តស្តាំព្រះអង្គ  នៅតែកាន់យើងជាប់(ខ.១០)។  យើងមិនអាចគេចចេញពីសេចក្តីស្រឡាញ់ និងការមើលថែររបស់ព្រះអង្គបានឡើយ។-David Roper