ពេលដែលស្វាមីរបស់ខ្ញុំប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីទទួលការវះកាត់បន្ទាន់ ខ្ញុំក៏បានទូរស័ព្ទក្រុមគ្រួសាររបស់ខ្ញុំ។ ប្អូនស្រីរបស់ខ្ញុំ និងប្តីរបស់នាង ក៏បានទៅមន្ទីរពេទ្យជាមួយខ្ញុំ ហើយយើងក៏បានអធិស្ឋាន ពេលយើងកំពុងរង់ចាំគាត់ នៅក្រៅបន្ទប់វះកាត់។ ពេលប្អូនស្រីរបស់ស្វាមីខ្ញុំបានឮសម្លេងដ៏ថប់បារម្ភរបស់ខ្ញុំ នៅតាមទូរស័ព្ទ ភ្លាមនោះ នាងក៏បានប្រាប់ខ្ញុំថា “បងស៊ីនឌី សូមបងអធិស្ឋានជាមួយខ្ញុំសិន”។ ពេលគ្រូគង្វាលរបស់ខ្ញុំ និងភរិយារបស់គាត់បានមកដល់ គាត់ក៏បានអធិស្ឋានឲ្យយើង(យ៉ាកុប ៥:១៣-១៦)។

លោកអូសវ៉ល ឆេមបឺ(Oswald Chambers) បានសរសេរក្នុងសៀវភៅរបស់គាត់ថា “យើងច្រើនតែប្រើការអធិស្ឋាន ជាជម្រើសចុងក្រោយ ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងយកការអធិស្ឋាន ជាខ្សែការពារទីមួយ។ យើងអធិស្ឋាន ពេលដែលយើងមិនដឹងថា ត្រូវដោះស្រាយបញ្ហាយ៉ាងដូចម្តេច  ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងអធិស្ឋានមុនពេលយើងធ្វើអ្វីមួយ”។

ការអធិស្ឋាន គឺជាការសន្ទនាជាមួយព្រះ ដែលយើងទូលថ្វាយព្រះអង្គ ដោយចិត្តដែលរំពឹងថា ព្រះទ្រង់នឹងស្តាប់ឮយើងឆ្លើយតប។ យើងមិនត្រូវយកការអធិស្ឋាន ជាជម្រើសចុងក្រោយឡើយ។ ព្រះទ្រង់បានលើកទឹកចិត្តយើង ឲ្យទំនាក់ទំនងជាមួយព្រះអង្គ ដោយការអធិស្ឋាន(ភីលីព ៤:៦)។ ព្រះអង្គក៏បានសន្យាផងដែរថា ពេលដែលមានមនុស្ស ២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវព្រះនាមព្រះអង្គ នោះព្រះអង្គក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ”(ម៉ាថាយ ១៨:២០)។

សម្រាប់អ្នកដែលបានពិសោធនឹងអំណាចនៃព្រះដ៏មានគ្រប់ចេស្តា ពួកគេច្រើនតែងាយនឹងស្រែកអំពាវរកព្រះអង្គ ពេលពួកគេមានបញ្ហា។ លោកអេនឌ្រូ មួររេយ(Andrew Murray) ដែលជាគ្រូគង្វាលនៅសតវត្សរ៍ទី១៩ បានមានប្រសាសន៍ថា “ការអធិស្ឋានជាការបើកផ្លូវ ឲ្យព្រះទ្រង់ធ្វើការរបស់ព្រះអង្គ ក្នុងជីវិតយើង និងតាមរយៈយើង”។-Cindy Kasper