ខ្ញុំនៅចាំថា ខ្ញុំធ្លាប់ញាំផ្លែប៉ោមចងបន្តោកនឹងខ្សែ កាលនៅពីក្មេង ដែលនោះជាល្បែងកម្សាន្ត ដែលតម្រូវឲ្យខ្ញុំញាំផ្លែប៉ោមនោះ ដោយមិនប្រើដៃកាន់។ ការព្យាយាមខាំផ្លែប៉ោម នឹងធ្មេញ ដោយមិនប្រើដៃដូចនេះ គឺជាបទពិសោធន៍ដ៏ពិបាក។ ការនេះបានរំឭកខ្ញុំ អំពីសារៈសំខាន់នៃដៃរបស់យើង ដែលយើងប្រើញាំអាហារ ជម្រាបសួរ និងធ្វើកិច្ចការស្ទើរតែទាំងអស់ ដែលសំខាន់ចំពោះការរស់នៅរបស់យើង។
ពេលខ្ញុំអានបទគម្ពីរ ទំនុកដំកើង ៤៦:១០ ខ្ញុំមានការចាប់អារម្មណ៍ ចំពោះព្រះបន្ទូល ដែលបានប្រាប់ឲ្យខ្ញុំបង្អង់ឈប់សិន ឲ្យដឹងថា ព្រះអង្គជាព្រះ។ ក្នុងព្រះគម្ពីរដើមជាភាសាហេព្រើ ពាក្យ “បង្អង់” គឺមានន័យថា “ឈប់ប្រឹងប្រែងទៀត” ឬតាមន័យត្រង់ គឺមានន័យថា “ទម្លាក់ដៃចុះក្រោម”។
បើយើងមើលតែមួយភ្លែត បទគម្ពីរនេះហាក់ដូចជាពិបាកនឹងឲ្យយើងអនុវត្តតាម ព្រោះកាលណាយើងមានបញ្ហា យើងច្រើនតែគ្រប់គ្រងស្ថានភាព ដោយប្រើដៃយើងផ្ទាល់ ដើម្បីជាប្រយោជន៍របស់យើង។ តែក្នុងបទគម្ពីរនេះ ព្រះទ្រង់បានមានបន្ទូលឲ្យយើងដាក់ដៃចុះ ទុកឲ្យព្រះអង្គដោះស្រាយបញ្ហារបស់យើងវិញ ហើយសម្រាក ដោយទុកចិត្តថា ដំណោះស្រាយនៃបញ្ហានេះ គឺស្ថិតនៅក្នុងព្រះហស្តព្រះអង្គ។
ប៉ុន្តែ យើងអាចមានអារម្មណ៍សង្ស័យ ពេលដែលយើងដកដៃចេញ ហើយទុកឲ្យព្រះអង្គធ្វើការជំនួសយើង។ តែយើងនឹងលែងមានការសង្ស័យ ពេលដែលយើងជឿថា ព្រះទ្រង់ពិតជា “ទីពឹងជ្រក ក៏ជាកំឡាំងនៃយើង ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ខ.១) ហើយទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ គឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ(ខ.៧)។ នៅពេលដែលយើងមានបញ្ហា យើងអាចសម្រាក នៅក្នុងការមើលថែររបស់ព្រះ។-Joe Stowell