ពេលដែលម្ចាស់អាជីវកម្មម្នាក់បានត្រូវឆ្នោត ៣១៤លានដុល្លាអាមេរិក ក្នុងឆ្នាំ២០០២ គាត់ក៏បានបង្ហាញពីបំណងចិត្តដ៏ល្អ នៅក្នុងការប្រើប្រាស់លុយនោះ ដោយក្តីរីករាយ។ គាត់ចង់ប្រើលុយនោះ ដើម្បីបង្កើតមូលនិធិមនុស្សធម៌មួយ និងជួយកម្មករដែលបានបាត់បង់ការងារ ឲ្យមានការងារឡើងវិញ ហើយធ្វើនូវអ្វីដែលល្អ សម្រាប់គ្រួសារគាត់។ គាត់បានក្លាយជាអ្នកមានស្តុកស្តម្ភហើយ តែគាត់បានប្រាប់អ្នកយកពត៌មានថា ការត្រូវឆ្នោតដ៏ធំនេះ មិនបានកែប្រែជីវិតគាត់ទេ។ ពីរបីឆ្នាំក្រោយមក មានអត្ថបទកាសែតមួយបានចុះផ្សាយថា គាត់បានទទួលលទ្ធផល ខុសពីការរំពឹងទុក។ ចាប់តាំងពីត្រូវឆ្នោតដែលធំបំផុតនោះមក បុរសនោះបានមានរឿងផ្នែកច្បាប់ជាច្រើន។ គាត់បានបាត់បង់កេរ្តិ៍ឈ្មោះ ហើយបានលេងល្បែងស៊ីសង ទាល់តែអស់លុយពីខ្លួន។

លោកអេគើរ ក៏ជាអ្នកនិពន្ធបទគម្ពីរសុភាសិតផងដែរ។ គាត់ជាអ្នកដែលមានគំនិតជ្រៅជ្រះ ដែលបានសរសេរនូវបទគម្ពីរ ដែលនិយាយអំពីការខកចិត្ត ដែលអាចកើតឡើង ដូចបុរសដែលត្រូវឆ្នោតនោះ។ លោកអេគើរបានដឹងអំពីភាពកម្សោយរបស់ខ្លួន ដែលជាមនុស្ស(សុភាសិត ៣០:២-៣) ហើយគាត់ក៏បានដឹងអំពីគ្រោះថ្នាក់ ដែលកើតឡើង ពីការមានទ្រព្យច្រើនពេក ឬតិចពេក។ ដូចនេះ គាត់ក៏បានអធិស្ឋានថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៏ ឬក្រែងទូលបង្គំមានសេចក្តីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង”(ខ.៨-៩)។

លោកអេគើរបានដឹងអំពីបញ្ហា ដែលកើតឡើងពីទ្រព្យសម្បត្តិ និងភាពក្រីក្រ តែក៏បានដឹងអំពីភាពកម្សោយនៃនិស្ស័យសាច់ឈាមរបស់យើងផងដែរ។ យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះទ្រព្យសម្បត្តិ និងភាពក្រីក្រ។ យើងនៅតែត្រូវការព្រះអង្គជានិច្ច ទោះយើងមានទ្រព្យសម្បត្តិច្រើន ឬយើងជាអ្នកក្រីក្រក្តី ដ្បិតព្រះអង្គបានបង្រៀនយើងឲ្យអធិស្ឋានជាប្រចាំថា “សូមប្រទានអាហារដែលយើងខ្ញុំ ត្រូវការនៅថ្ងៃនេះ”។-Mart Dehaan