ពេលតួរឯកប្រុស និងតួរឯកស្រី កំពុងសម្តែងក្នុងខ្សែភាពយន្ត អ្នកដឹកនាំរឿងជាអ្នកដែលមើលឃើញ “សាច់រឿងទាំងមូល” ហើយដឹងពីទិសដៅទាំងអស់របស់ខ្សែភាពយន្ត មុនពេលដែលរឿងនោះត្រូវបានគេចាប់ផ្តើមចាក់បញ្ចាំង។ អ្នកស្រីម៉ារាន ខូទីឡាត(Marion Cotillard) ដែលជាតួសម្តែង បានទទួលស្គាល់ថា គាត់មិនបានយល់អំពីអ្វីៗទាំងអស់ ដែលអ្នកដឹកនាំរឿងកំពុងធ្វើ  នៅពេលថតរឿងកាលពីពេលថ្មីៗនេះទេ។  គាត់បានស្ម័គ្រចិត្តចូលរួមសម្តែង  ទាំងមិនបានយល់ អំពីសាច់រឿងទាំងស្រុង ព្រោះគាត់បានដឹងថា ខ្លួនមានអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ ដែលនឹងធ្វើឲ្យការថតខ្សែភាពយន្តនេះបានទទួលជោគជ័យ។

ខ្ញុំគិតថា លោកយ៉ូស្វេក៏អាចនិយាយនូវពាក្យដូចនេះ អំពីអ្នកដឹកនាំជីវិតរបស់គាត់ផងដែរ។ ព្រះគម្ពីរសម្រាប់អាននៅថ្ងៃនេះបាននិយាយ អំពីអ្នកដឹកនាំដែលទទួលការតែងតាំងថ្មី របស់ជនជាតិអ៊ីស្រាអែល ដែលកំពុងឈរនៅលើព្រំដែននៃទឹកដីសន្យា។ ជនជាតិអ៊ីស្រាអែលជាង២លាននាក់ កំពុងរំពឹងឲ្យគាត់ដឹកនាំពួកគេចូលទឹកដីនោះ។ តើគាត់នឹងដឹកនាំពួកគេ ដោយរបៀបណា? ព្រះទ្រង់មិនបានមានបន្ទូលជាលម្អិត អំពីការអ្វីខ្លះដែលគាត់ត្រូវធ្វើនោះទេ តែព្រះអង្គបានធានាថា ព្រះអង្គនឹងយាងទៅជាមួយគាត់។

គឺដូចដែលព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងនៅជាមួយគាត់ ដូចជាបាននៅជាមួយនឹងលោកម៉ូសេដែរ ព្រះអង្គមិនដែលខាននឹងប្រោសគាត់ ក៏មិនដែលបោះបង់ចោលគាត់ឡើយ(យ៉ូស្វេ ១:៥)។ ព្រះអង្គបានបង្គាប់លោកយ៉ូស្វេ ឲ្យរៀនសូត្រ និងអនុវត្តតាម ព្រះបន្ទូលព្រះអង្គ ដែលកត់ទុកក្នុងព្រះគម្ពីរ(ខ.៧-៨) ហើយព្រះអង្គបានសន្យាថា នឹងគង់នៅជាមួយលោកយ៉ូស្វេ នៅគ្រប់ទីកន្លែង។ លោកយ៉ូស្វេក៏បានឆ្លើយតប ដោយប្តេជ្ញាចិត្តទាំងស្រុង និងចុះចូលចំពោះការដឹកនាំដ៏អស្ចារ្យរបស់ព្រះអង្គ ហើយក្រោយមក ក្រោមការដឹកនាំរបស់គាត់ “អស់ទាំងសេចក្តីល្អដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលសន្យា ដល់ពួកវង្សអ៊ីស្រាអែល នោះបានសម្រេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ”(២១:៤៥)។

យើងក៏អាចថ្វាយជីវិតយើងដាច់ដល់ ព្រះអម្ចាស់ ដែលជាអ្នកដឹកនាំយើង ហើយសម្រាកក្នុងភាពស្មោះត្រង់របស់ព្រះអង្គ។-Poh Fan Chia