គេថា សត្វតោដែលគ្រហឹម គឺជា “ស្តេចនៃសត្វព្រៃ” ដ៏អស្ចារ្យ។ ប៉ុន្តែ សត្វតោដែលមនុស្សជាច្រើនបានឃើញផ្ទាល់ភ្នែក គ្រាន់តែជាសត្វតោដ៏ទន់ខ្សោយ ដែលគេដាក់ក្នុងទ្រុង នៅឯសួនសត្វតែប៉ុណ្ណោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកវាមានតែការសម្រាក ហើយគេយកអាហារមកបម្រើពួកវាដល់កន្លែង ដោយពួកវាមិនចាំបាច់នឹងលើកក្រញាំ ទៅចាប់សត្វដទៃជាអាហារទេ។     ទោះជាយ៉ាងណាក៏ដោយ ក្នុងជម្រកធម្មជាតិ សត្វតោមិនតែងតែមានពេលសម្រាកច្រើន ដូចនៅក្នុងសួនសត្វឡើយ។ ភាពស្រេកឃ្លានរបស់វា បានជម្រុញឲ្យវាចេញទៅប្រម៉ាញ់សត្វម្រឹក ដែលនៅក្មេង ទន់ខ្សោយ មានជម្ងឺ ឬមានរបួស។ វាក្រាបនៅក្នុងគុម្ពស្មៅខ្ពស់ៗ ដោយបោះជំហានទៅមុខយឺតៗ។ បន្ទាប់មក ពេលសត្វម្រឹកណាដើរមកក្បែរនោះ វាក៏លោតសង្រ្គប់ភ្លាមៗ ដោយប្រើក្រញាំចាប់សត្វនោះជាចំណី។

យ៉ាងណាមិញ លោកពេត្រុសបានប្រើពាក្យប្រដូចអារក្សសាតាំង ទៅនឹង “សត្វតោដែលក្រវែល ទាំងគ្រហឹម”(១ពេត្រុស ៥:៨)។ ដើម្បីការពារខ្លួនប្រឆាំងនឹងខ្មាំងសត្រូវមួយនេះ កូនព្រះទាំងឡាយត្រូវសង្វាត នៅក្នុងការ “ពាក់គ្រឿងសឹករបស់ព្រះទាំងមូល” ដែលអាចជួយឲ្យពួកគេ “មានភាពរឹងមាំ ក្នុងព្រះអម្ចាស់ និងក្នុងអំណាចចេស្តាព្រះអង្គ”(អេភេសូរ ៦:១០-១១)។

យើងមានដំណឹងល្អមួយ គឺថា សាតាំងជាខ្មាំងសត្រូវដែលព្រះបានវាយឈ្នះហើយ។ វាជាខ្មាំងសត្រូវដ៏មានអំណាច តែអស់អ្នកដែលបានទទួលការការពារ ពីសេចក្តីសង្រ្គោះ ការអធិស្ឋាន និងព្រះបន្ទូលព្រះ មិនចាំបាច់ត្រូវតក់ស្លត់ ចំពោះសត្វតោដែលក្រវែល ទាំងគ្រហឹមនោះទេ។ យើង “បានទទួលការថែររក្សា ពីអំណាចចេស្តារបស់ព្រះ”(១ពេត្រុស ១:៥)។ បទគម្ពីរយ៉ាកុប ៤:៧ បានធានាដល់យើងថា “ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ”។-Cindy Hess Kasper