ក្នុងសង្កាត់មួយ នៅក្រុងអាប៊ូ ហ្គោស ដែលស្ថិតនៅខាងក្រៅទីក្រុងយេរូសាឡិម មានម្ចាស់ភោជ្ជនីយដ្ឋានម្នាក់ បានផ្តល់ឲ្យនូវការបញ្ចុះតម្លៃ៥០ភាគរយ ដល់អតិថិជនណា ដែលបានបិទទូរស័ព្ទរបស់ខ្លួន ពេលកំពុងញាំអាហារ ក្នុងភោជ្ជនីដ្ឋានរបស់គាត់។ លោកយ៉ាវដាត អ៊ីប្រាហ៊ីម(Jawdat Ibrahim) ដែលជាម្ចាស់ភោជ្ជនីយដ្ឋាននោះ ជឿថា អ្នកប្រើទូរស័ព្ទក្នុងពេលញាំអាហារ បានបង្វែរអារម្មណ៍ចេញពីការរាប់អាន និងការសន្ទនាគ្នា ហើយងាកមកផ្តោតទៅលើការប្រើអ៊ីនធើណែត ផ្ញើសារ និងនិយាយតាមទូរស័ព្ទវិញ។ លោកអ៊ីប្រាហ៊ីមបានមានប្រសាន៍ថា បច្ចេកវិទ្យាគឺមានប្រយោជន៍ណាស់ តែ … ពេលដែលអ្នកកំពុងនៅជាមួយគ្រួសារ និងមិត្តភ័ក្ត្ររបស់អ្នក អ្នកគួរតែឈប់ប្រើវាកន្លះម៉ោងសិន ដើម្បីចំណាយពេលញាំអាហារ និងទំនាក់ទំនងគ្នា ឲ្យបានសប្បាយរីករាយ។

យើងងាយនឹងទទួលរងការរំខាន ដោយសារកត្តាជាច្រើន នៅពេលដែលយើងកំពុងមានទំនាក់ទំនងជាមួយអ្នកដទៃ ឬជាមួយព្រះអម្ចាស់។

ព្រះយេស៊ូវបានប្រាប់អ្នកដើរតាមព្រះអង្គថា ការរំខានខាងវិញ្ញាណ កើតចេញពីចិត្តដែលប្រែជាស្ពឹក ត្រចៀកដែលធ្ងន់ និងភ្នែកដែលធ្មេច(ម៉ាថាយ ១៣:១៥)។ ព្រះអង្គក៏បានបកស្រាយអំពីបញ្ហានេះ ដោយមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីកសិករម្នាក់ដែលព្រោះគ្រាប់ពូជ។  ព្រះអង្គបានប្រៀបប្រដូចគ្រាប់ពូជដែលធ្លាក់ចូលគុម្ពបន្លា ទៅនឹងមនុស្សដែលបានឮព្រះបន្ទូលព្រះ តែចិត្តរបស់ខ្លួនបានផ្តោតទៅលើអ្វីផ្សេង។ “រួចសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ និងសេចក្តីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ”(ខ.២២)។

ជារៀងរាល់ថ្ងៃ យើងអាចចំណាយពេលឲ្យមានប្រយោជន៍បំផុត ដោយឈប់ឲ្យចិត្ត និងគំនិតយើង ទទួលការរំខាន ហើយងាកមកផ្តោតទៅលើព្រះអម្ចាស់វិញ។-David McCasland