ថ្ងៃមួយ ក្នុងខែវិច្ឆិការ ឆ្នាំ១៩៦៣ លោកប្រាយអិន វីលសិន(Brian Wilson) និងម៉ៃ ឡោ(Mike Love) ដែលជាសមាជិកក្រុមចម្រៀងដឺប៊ីជ ប៊យ(the Beach Boys) បាននិពន្ធបទចម្រៀងមួយបទ ដែលមានលក្ខណៈខុសពីបទចម្រៀងមុខៗរបស់ក្រុមនេះ ដែលច្រើនតែមានចង្វាក់លឿន។ បទចម្រៀងនោះ ជាបទសោកសង្រេង ដែលរៀបរាប់អំពីស្នេហាដែលបានបាត់បង់ទៅ។ ក្រោយមក លោកម៉ៃបានមានប្រសាសន៍ថា “ការបាត់បង់ស្នេហា គឺនាំឲ្យមានការឈឺចាប់ណាស់។ ទំនាក់ទំនងនោះមានចំណុចល្អតែនៅពេលដំបូង ដែលអ្នកទាំងពីរបានទទួលសេចក្តីស្រឡាញ់ពីគ្នា”។ ពួកគេក៏បានដាក់ចំណងជើងឲ្យបទចម្រៀងនេះថា “កម្តៅព្រះអាទិត្យ”។
តាំងពីសម័យបុរាណមក ទុក្ខព្រួយបានធើ្វជាកត្តាដែលនាំឲ្យអ្នកនិពន្ធតែងបទចម្រៀងកំសត់ៗ។ ស្តេចដាវីឌបាននិពន្ធទំនុកដំកើងជាច្រើនបទ ដែលក្នុងចំណោមនោះ ទ្រង់បានតែងទំនុកដំកើងមួយចំនួន នៅពេលដែលទ្រង់មានការបាត់បង់ដ៏ឈឺចាប់។ បទទំនុកដំកើង ជំពូក៦ មិនបានប្រាប់យើង អំពីហេតុការណ៍ដែលបានបណ្តាលចិត្តទ្រង់ ឲ្យតែងទំនុកមួយនេះទេ តែបាននិយាយអំពីទុក្ខសោកជាច្រើន។ គឺដូចដែលទ្រង់បានរៀបរាប់ថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ។ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ”(ខ.៦-៧)។
តែទំនុកមួយនេះ មិនទាន់ចប់តែត្រឹមប៉ុណ្ណេះទេ។ ស្តេចដាវីឌស្គាល់ការឈឺចាប់ និងការបាត់បង់ តែទ្រង់ក៏ស្គាល់ការកម្សាន្តចិត្តរបស់ព្រះផងដែរ។ បានជាទ្រង់ពោលថា ព្រះអម្ចាស់បានស្តាប់ពាក្យដែលទ្រង់ទូលអង្វរហើយ ព្រះអម្ចាស់នឹងទទួលពាក្យដែលទ្រង់អធិស្ឋានផង(ខ.៩)។
ពេលមានទុក្ខសោក ស្តេចដាវីឌមិនគ្រាន់តែបានតែងទំនុកដំកើងប៉ុណ្ណោះទេ តែថែមទាំងរកឃើញមូលហេតុ ដែលទ្រង់ត្រូវទុកចិត្តព្រះ ដែលមានព្រះទ័យស្មោះត្រង់ គ្រប់ពេលវេលា។ ក្នុងភាពកក់ក្តៅនៃព្រះវត្តមានព្រះអង្គ ទុក្ខព្រួយរបស់យើង អាចប្រែក្លាយជាក្តីអំណរ និងក្តីសង្ឃឹម។-Bill Crowder