គេបានចាត់ទុកលោកប៉ាប្លូ ខាសាលស៍(Pablo Casals) ជាអ្នកលេងវីយូឡុងធំដែលល្បីល្បាញជាងគេ ក្នុងអំឡុងពេលពាក់កណ្តាលទីមួយ នៃសតវត្សរ៍ទី២០។ ពេលដែលគាត់កំពុងលេងវីយូឡុងធំរបស់គាត់ ក្នុងវ័យ៩៥ឆ្នាំ មានអ្នកយកពត៌មានវ័យក្មេងម្នាក់ បានសួរគាត់ថា “លោកខាសាលស៍ លោកមានអាយុ៩៥ឆ្នាំ ហើយលោកជាអ្នកលេវវីយូឡុងធំដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែ តើហេតុអ្វីបានជាលោកនៅតែអនុវត្តការលេងវីយូឡុងធំ មួយថ្ងៃ៦ម៉ោង?”

លោកខាសាលស៍ក៏បានឆ្លើយថា “បានជាខ្ញុំនៅតែបន្តអនុវត្តច្រើនម៉ោងដូចនេះ ព្រោះខ្ញុំយល់ថា ការអនុវត្តនេះបានធ្វើឲ្យខ្ញុំមានការរីកចម្រើនថែមទៀត”។

លោកខាសាលស៍ពិតជាមានទស្សនៈត្រឹមត្រូវណាស់។ សម្រាប់យើងដែលជាអ្នកជឿព្រះគ្រីស្ទ យើងមិនគួរគិតថា ខ្លួនបានឈានដល់ចំណុចកំពូលនៃជោគជ័យខាងព្រលឹងវិញ្ញាណ ហើយឈប់ប្រឹងប្រែងតទៅទៀតនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ យើងត្រូវបន្ត  “ចម្រើនឡើងក្នុងព្រះគុណ    ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា”(២ពេត្រុស ៣:១៨)។ ព្រះយេស៊ូវបានរំឭកយើង នៅក្នុងបទគម្ពីរយ៉ូហាន ១៥:១៦ ថា ព្រះអង្គបានរើសយើងរាល់គ្នា “ទាំងតាំងឲ្យយើងបង្កើតផលផង”។ ការលូតលាស់បានល្អ គឺជាការបន្តបង្កើតផលផ្លែខាងវិញ្ញាណ អស់មួយជីវិត។ ព្រះអម្ចាស់បានសន្យាថា “ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន”(ខ.៥)។

យើងចាំបាច់ត្រូវបន្តលូតលាស់ឥតឈប់ឈរ ដោយស្មោះត្រង់ ដើម្បីឲ្យមានលក្ខណៈកាន់តែដូចព្រះ ដែលយើងស្រឡាញ់ និងបម្រើ ដោយយើងអាចទុកចិត្តថា “ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា  ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។-Cindy Hess Kasper