ពេលដែលកូនៗរបស់ខ្ញុំ កំពុងរស់នៅជុំគ្នាជាមួយខ្ញុំ    យើងមានប្រពៃណីប្រារព្ធបុណ្យណូអែល នៅពេលព្រឹកដ៏មានន័យបំផុត។ ប្រពៃណីនោះគឺសាមញ្ញទេ។ ក្រុមគ្រួសាររបស់ខ្ញុំបានមកជួបជុំគ្នា នៅជុំវិញដើមណូអែល ហើយខណៈពេលយើងចែកអំណោយឲ្យគ្នាទៅវិញទៅមក  យើងក៏បានអានរឿងបុណ្យណូអែលជាមួយគ្នា។ យើងគួរចាំថា មូលហេតុដែលយើងឲ្យអំណោយគ្នាទៅវិញទៅមក នៅថ្ងៃបុណ្យណូអែល គឺមិនមែនដោយសារពួកហោរា ដែលបានយកអំណោយមកថ្វាយព្រះឱរសយេស៊ូវនោះទេ។ តាមពិត អំណោយនៃក្តីស្រឡាញ់ដែលយើងឲ្យគ្នាទៅវិញទៅមក គឺជាការឆ្លុះបញ្ចាំងអំពីអំណោយដ៏អស្ចារ្យបំផុត   នៃក្តីស្រឡាញ់ដែលព្រះបានប្រទានមកយើងរាល់គ្នា។

ពេលដែលពួកជំនុំមានការសម្តែងរឿងបុណ្យណូអែល  ដែលនិយាយអំពីពួកទេវតា ពួកអ្នកគង្វាល និងស្នូកសត្វ យើងគួរនឹកចាំថា កិច្ចការដ៏ច្រើនសន្ធឹកដែលព្រះបានធ្វើសម្រាប់យើង នៅយប់បុណ្យណូអែលដំបូងបំផុត គឺមានពេញដោយសេចក្តីស្រឡាញ់ដ៏លើសលប់ គឺមានន័យជាងសេចក្តីស្រឡាញ់ដែលយើងបង្ហាញចំពោះគ្នាទៅវិញទៅមក។

គ្មានអ្វីអាចប្រៀបផ្ទឹមនឹងអំណោយដែលព្រះបានប្រទានយើង ក្នុងព្រះរាជបុត្រាព្រះអង្គ គឺដូចដែលសាវ័កប៉ុលបានរៀបរាប់ នៅក្នុងសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូសថា “អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន”(២កូរិនថូស ៩:១៥)។

ជាការពិតណាស់ ព្រះទ្រង់បានស្ម័គ្រព្រះទ័យចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យមកសង្រ្គោះយើង ដែលជាអំណោយដែលមានន័យ លើសពាក្យដែលយើងអាចពិពណ៌នាបាន។ យើងត្រូវអបអរអំណោយនេះ នៅថ្ងៃបុណ្យណូអែល ដ្បិតអ្វីដែលសំខាន់បំផុតនោះ គឺព្រះគ្រីស្ទ។-Bill Crowder