នៅពេលល្ងាចថ្ងៃបុណ្យណូអែល ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី១ សម្លេងបាញ់គ្នារវាងកងទ័ពអង់គ្លេស និងកងទ័ពអាឡឺម៉ង់ ក៏បានប្រែក្លាយជាភាពស្ងប់ស្ងាត់ នៅតាមខ្សែបន្ទាត់សមរភូមិភាគខាងលិច ដែលលាតសន្ធឹងប្រវែង៤៨គីឡូម៉ែត្រ។ មានទាហានខ្លះបានចេញពីត្រង់សេ យ៉ាងប្រុងប្រយ័ត្ន ខណៈពេលដែលមានទាហានពីរបីនាក់ បានចេញមកជួសជុលទីតាំងរបស់ខ្លួន និងយកសពរបស់អ្នកស្លាប់ទៅកប់។ ដល់ពេលព្រលប់ មានទាហានអាឡឺម៉ង់មួយចំនួន បានអុជចង្កៀង ហើយនាំគ្នាច្រៀងបទចម្រៀងបុណ្យណូអែល។ ពួកប្រុសៗនៅខាងទ័ពអង់គ្លេស ក៏បានទះដៃបន្ទរជាភ្លេង ហើយបន្លឺសម្លេងនៃការស្វាគមន៍បុណ្យណូអែល។

នៅថ្ងៃបន្ទាប់ ទាហានអាឡឺម៉ង់ បារាំង និងអង់គ្លេស ក៏បានជួបជុំគ្នា នៅក្នុងទឹកដីមានទំនាស់មួយកន្លែង ដើម្បីចាប់ដៃគ្នា ចែកអាហារ និងចែកអំណោយឲ្យគ្នាទៅវិញទៅមក។ វាជាការសម្រាកដ៏ខ្លី ដោយមិនមានការប្រយុទ្ធគ្នា ដែលមិនយូរប៉ុន្មាន ក៏ត្រូវបញ្ចប់ទៅវិញ ពេលដែលសម្លេងកាំភ្លើងធំ និងកាំភ្លើងយន្តចាប់ផ្តើមស្រែកគ្រហឹមឡើងសារជាថ្មី។ ប៉ុន្តែ ពួកទាហានដែលបានអរសប្បាយនឹង “ការឈប់បាញ់គ្នាក្នុងពេលបុណ្យណូអែលឆ្នាំនោះ” មិនដែលបំភ្លេចសោះឡើយ  ថាពួកគេមានក្តីអំណរ  ហើយមានចិត្តស្រេកឃ្លាន ចង់បានសន្តិភាពដ៏ស្ថិតស្ថេរខ្លាំងប៉ុណ្ណា។

បទទំនាយរបស់ហោរាអេសាយ អំពីការយាងមកនៃព្រះមែស៊ីបានចែងថា “គេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព”(អេសាយ ៩:៦)។ អំពើបាបគឺប្រៀបបាននឹងដែនដីជម្លោះ ក្នុងសង្រ្គាម ដែលបានកាត់ផ្តាច់យើងចេញពីព្រះ។ តែការសុគតរបស់ព្រះយេស៊ូវ បានដក “ដែនដីជម្លោះ ឬជញ្ជាំងនោះ” ចេញ។  គឺដូចមានសេចក្តីចែងថា “ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ”(អេភេសូរ ២:១៤)។

នៅក្នុងព្រះគ្រីស្ទ យើងអាចរកឃើញសន្តិភាពដ៏ស្ថិតស្ថេរជាមួយព្រះ និងភាពសុខដុមជាមួយគ្នា។ នេះជាព្រះរាជសារនៃបុណ្យណូអែល ដែលនាំឲ្យជីវិតផ្លាស់ប្រែ!-David McCasland