តើព្រះយេស៊ូវពិតជាបានប្រសូត្រនៅក្នុងក្រោលសត្វមែនឬ? ហេតុអ្វីបានជាព្រះមែស៊ីយាងមកប្រសូត្រ នៅកន្លែងកខ្វក់បែបនេះ? បន្ទាប់ពីព្រះសង្រ្គោះបានប្រសូត្រជាទារកនៅទីនោះ ក្លិននឹងសម្លេង ដែលព្រះអង្គបានជួបដំបូងបំផុតនោះ  គឺជាក្លិន និងសម្លេងដ៏រំខាន នៅក្នុងក្រោលសត្វ។ ព្រះអង្គប្រហែលជាបានឮសម្លេងសត្វ និងសម្លេងមនុស្សដែលដើរនៅក្បែរស្នូកសត្វដែលព្រះអង្គកំពុងផ្ទំនោះ គឺមិនខុសពីទារកដទៃទៀតទេ។

ព្រះអង្គប្រហែលជាបានសម្រក់ទឹកភ្នែកជាលើកទីមួយ នៅពេលនោះឯង។ ព្រះអង្គបានយាងមកទទួលរងការបាត់បង់ និងទុក្ខព្រួយដូចមនុស្សជាទូទៅ ព្រះអង្គជ្រាបអំពីការសង្ស័យ ដែលប្អូនៗ និងក្រុមគ្រួសារព្រះអង្គ មានចំពោះព្រះអង្គ  ហើយក៏បានជ្រាបអំពីការឈឺចាប់  ដែលមាតាព្រះអង្គទទួលរង ពេលដែលគាត់បានឃើញព្រះអង្គទទួលរងទារុណកម្ម និងត្រូវគេឆ្កាងសម្លាប់។

ការឈឺចាប់ទាំងនេះ និងការឈឺចាប់ជាច្រើនទៀត បានរង់ចាំព្រះឱរសយេស៊ូវ ដែលកំពុងផ្ទំលក់ នៅពេលយប់ដំបូង បន្ទាប់ពីព្រះអង្គមានកំណើតជាមនុស្ស។ ប៉ុន្តែ ព្រះយេស៊ូវជា “ព្រះដែលគង់នៅជាមួយយើង”(ម៉ាថាយ ១:២៣) តាំងពីពេលដែលព្រះអង្គយាងមកចាប់កំណើតជាមនុស្ស ហើយព្រះអង្គជ្រាបថា ការរស់នៅជាមនុស្សមានការពិបាកប៉ុណ្ណា។ ព្រះអង្គបានជួបការលំបាកសព្វបែបយ៉ាង ក្នុងសាច់ឈាមជាមនុស្ស អស់រយៈពេលបីទសវត្សរ៍ រហូតដល់ពេលដែលព្រះអង្គសុគតនៅលើឈើឆ្កាង។

ដោយសារសេចក្តីស្រឡាញ់ដែលព្រះអង្គមាន ចំពោះអ្នកនិងខ្ញុំ នោះព្រះអង្គបានយាងមកប្រសូត្រជាមនុស្ស១រយភាគរយ។ ហើយដោយសារព្រះអង្គធ្លាប់រស់នៅជាមនុស្សដូចយើងដែរ នោះព្រះអង្គយល់ពីទុក្ខលំបាករបស់យើង។ ដូចនេះ យើងមិនអាចនិយាយថា ក្នុងលោកនេះ គ្មាននរណាយល់ពីទុក្ខលំបាករបស់យើងនោះឡើយ។ ព្រះយេស៊ូវពិតជាយល់ពីទុក្ខលំបាករបស់យើង។ សូមឲ្យព្រះអង្គ ដែលជាពន្លឺ ដែលបានចុះមកក្នុងលោកិយ នៅពេលយប់នោះ បានចែងចាំងរស្មី ចូលទៅក្នុងទីជម្រៅនៃវិញ្ញាណរបស់យើង ក្នុងរដូវកាលនៃបុណ្យណូអែល ដោយនាំឲ្យយើងមានសន្តិភាព នៅលើផែនដី ដែលពួកទេវតាបានប្រកាស តាំងពីយូរមកហើយនោះ។-Randy Kilgore