ពេលដែលក្មេងប្រុសជំទង់ពីរនាក់ បានឮសម្លេងឡានឪពុកម្តាយរបស់ពួកគេ បើកមកដល់ផ្ទះ ពួកគេក៏មានការភិតភ័យ ព្រោះពួកគេបានធ្វើឲ្យមានភាពរញេរញ៉ៃពេញផ្ទះ ដោយមិនដឹងថា នឹងត្រូវបកស្រាយយ៉ាងដូចម្តេច ចំពោះពួកគាត់។ មុនពេលឪពុកចាកចេញ ទៅកាន់ទីក្រុងជាមួយម្តាយពួកគេ គាត់បានផ្តាំយ៉ាងច្បាស់ថា មិនឲ្យនាំមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ មកលេងក្នុងផ្ទះឡើយ។ តែមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ទាំងនោះ ក៏បានមកលេងផ្ទះពួកគេ ហើយក្មេងទាំងពីរក៏បានឲ្យពួកគេនៅលេងជាមួយ ទោះបីជាឪពុករបស់ខ្លួនបានព្រមានហើយក៏ដោយ។ ពេលពួកគាត់មកដល់  ផ្ទះមានភាពរញេរញ៉ៃ ហើយពួកក្មេងជំទង់ទាំងនោះ  បានស្រវឹងស្រាតិចៗហើយ   ទាំងមានសក់ក្បាលកន្រ្ទីងកន្ទ្រើងផង។ ដោយការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។

ពេលដែលអ័ដាម និងនាងអេវ៉ាបានសម្រេចចិត្តធ្វើខុសនឹងបំរាមរបស់ព្រះ ហើយឮសម្លេងព្រះអង្គកំពុងយាងមករកពួកគេ ពួកគេប្រាកដជាមានអារម្មណ៍តក់ស្លុតផងដែរ។ ដោយសារការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។ ព្រះទ្រង់ក៏បានហៅរកអ័ដាមដោយព្រះបន្ទូលថា “ឯងនៅឯណា?”(លោកុប្បត្តិ ៣:៩)។ គាត់ទូលឆ្លើយថា “ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ”(ខ.១០)។ អំពើបាបធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាច ហើយអាម៉ាសចំពោះព្រះ ហើយយើងកាន់តែងាយនឹងជួបការល្បួងថែមទៀត។

ព្រះទ្រង់នៅតែបន្តមានបន្ទូលហៅមនុស្សជាច្រើនថា  “ឯងនៅឯណា?”  ហើយមនុស្សជាច្រើនបានរត់គេច ដោយព្យាយាមលាក់ខ្លួនពីព្រះភ័ក្ត្រព្រះអង្គ ឬមិនអើពើរនឹងសម្លេងព្រះអង្គ។ តែយើងមិនអាចគេចចេញពីព្រះអង្គបានឡើយ ព្រះអង្គជ្រាបយ៉ាងច្បាស់ថា យើងកំពុងនៅទីណា។ យើងមិនគួរលាក់ខ្លួនដោយការភ័យខ្លាចទេ ផ្ទុយទៅវិញ យើងអាចឆ្លើយតបថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង”(លូកា ១៨:១៣)។-Lawrence Darmani