ពេលដែលកូនស្រីរបស់ខ្ញុំ និងគូដណ្តឹងរបស់នាងចាប់ផ្តើមទទួលអំណោយ សម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេ ពួកគេមានក្តីសោមនស្សរីករាយណាស់។ ក្នុងចំណោមអំណោយទាំងនោះ ពួកគេទទួលបានកៅអីវែងមួយ ដែលមានថតនៅខាងក្រោមដូចទូរ ហើយខ្ញុំក៏បានស្ម័គ្រចិត្តជួយដំឡើងកៅអីវែងនោះ ឲ្យពួកគេ ព្រោះពួកគេមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ នៅក្នុងការរៀបចំសម្រាប់ពិធីមង្គលការ។ ការដំឡើងនេះមានភាពងាយស្រួល ជាងការរំពឹងទុកទៅទៀត ទោះជាវាបានចំណាយពេលពីរបីម៉ោងក៏ដោយ។ គ្រឿងឈើទាំងអស់សម្រាប់ផ្គុំចូលគ្នា សុទ្ធតែត្រូវបានគេកាត់តម្រឹម និងស្វានឲ្យមានរន្ធរួចជាស្រេច ហើយគ្រឿងសម្រាប់ដំឡើងចូលគ្នាក៏គេបានដាក់មកជាមួយផងដែរ។ ម្យ៉ាងទៀត ការណែនាំអំពីរបៀបដំឡើងកៅអីនោះ ក៏មានភាពងាយស្រួលអនុវត្តតាមផងដែរ។

ប៉ុន្តែ គួរឲ្យស្តាយណាស់ ការរស់នៅរបស់យើង កម្រមានភាពងាយស្រួលដូចនេះណាស់។ យើងមិនបានកើតមក ដោយយកក្បួនដ៏សាមញ្ញមកតាមខ្លួន សម្រាប់រស់នៅឲ្យមានភាពងាយស្រួល ហើយយើងក៏មិនអាចបង្កើតក្បួន សម្រាប់រស់នៅ ដោយខ្លួនឯងបានដែរ។ យើងជួបប្រទះនឹងស្ថានភាព ដោយមិនដឹងច្បាស់ថា ខ្លួនឯងកំពុងជួបបញ្ហាអ្វី ហើយក៏មិនដឹងថា ត្រូវដកខ្លួនចេញឲ្យរួចដោយរបៀបណា។ យើងងាយនឹងទាល់ច្រក ក្នុងពេលដ៏ពិបាកបែបនោះ។

ប៉ុន្តែ យើងមិនចាំបាច់ត្រូវទទួលបន្ទុកនោះ តែម្នាក់ឯងទេ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងថ្វាយបន្ទុកទាំងនោះ ដល់ទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលថា “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ(ភីលីព ៤:៦-៧)”។

យើងមានព្រះសង្រ្គោះមួយអង្គ ដែលយល់ចិត្តយើង ហើយអាចប្រទាននូវសន្តិភាព ពេលដែលយើងមានការពិបាក។-Bill Crowder