មានពេលមួយស្វាមីរបស់ខ្ញុំបានគាំបេះដូង តែអរព្រះគុណព្រះអម្ចាស់ ដែលគាត់មិនបានស្លាប់។ ក្នុងអំឡុងពេលពីរបីខែបន្ទាប់ គេបានសួរខ្ញុំជាច្រើនដងថា ខ្ញុំសុខសប្បាយជាទេ ហើយខ្ញុំក៏បានឆ្លើយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានពរណាស់”។  ទោះជាយ៉ាងណាក៏ដោយ ព្រះពរដែលព្រះប្រទានមក មានទំហំ និងសណ្ឋានខុសគ្នា។ តាមពិត ពេលខ្លះយើងមិនដឹងថា ខ្លួនឯងកំពុងទទួលព្រះពរទេ។ សូម្បីតែនៅពេលដែលយើង កំពុងធ្វើការអ្វីដែលព្រះឲ្យយើងធ្វើ ក៏យើងនៅតែមានទុក្ខលំបាក។ ជួនកាល យើងមានការបាក់ទឹកចិត្ត ពេលដែលព្រះទ្រង់មិនឆ្លើយតប ឲ្យត្រូវចិត្តយើង ឬទ្រង់ហាក់ដូចជាពន្យាពេលយូរពេក។

ការច្រណែនរបស់បងប្អួនរបស់លោកយ៉ូសែប បាននាំឲ្យគាត់មានទុក្ខលំបាកជាច្រើន។ តាមទស្សនៈរបស់មនុស្ស គេប្រហែលជាយល់ថា ព្រះទ្រង់បានភ្លេចលោកយ៉ូស្វេហើយ ពេលគាត់បានជួបទុក្ខវេទនាអស់រយៈពេលជាង១០ឆ្នាំ។   គេបានទម្លាក់គាត់ចូលក្នុងរណ្តៅ ត្រូវគេលក់ឲ្យធ្វើជាទាសករ ត្រូវគេចោទប្រកាន់ ហើយចាប់ដាក់គុកដោយអយុត្តិធម៌។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត ព្រះទ្រង់ក៏បានលើកគាត់ ឲ្យក្លាយជាអ្នកដឹកនាំម្នាក់ នៅនគរអេស៊ីព្ទ ហើយក៏បានសង្រ្គោះមនុស្សជាច្រើន ឲ្យរួចពីគ្រោះទុរភិក្ស ដែលការនេះបានបញ្ជាក់ច្បាស់ថា ទ្រង់នៅតែមានភាពស្មោះត្រង់ជានិច្ច(លោកុប្បត្តិ ៣៧-៤៦)។ លោកស៊ី អេស លូអ៊ីស(C.S. Lewis) បានមានប្រសាសន៍ក្នុងសៀវភៅរបស់គាត់ថា “កាលណាយើងបាត់បង់ព្រះពរណាមួយ ព្រះទ្រង់ប្រទាននូវព្រះពរមួយទៀត ជាជំនួស ដែលច្រើនតែលើសពីការរំពឹងគិតរបស់យើង”។

ព្រះទ្រង់តែងតែដាក់ព្រះហស្តនៃព្រះពរ ពីលើលោកយ៉ូសែបជានិច្ច គឺដូចដែលទ្រង់បានដាក់ព្រះហស្ត ពីលើអស់អ្នកដែលទុកចិត្តទ្រង់។ សេចក្តីសប្បុររបស់ទ្រង់ ពិតជាអស្ចារ្យណាស់(ទំនុកដំកើង ៣១:១៩)។-Cindy Hess Kasper