មានគ្រូគង្វាលម្នាក់ បាននិយាយអំពីរឿងរបស់គាត់ ក្នុងទំព័រកាសែតប្រចាំតំបន់របស់ខ្លួន។ គាត់មានប្រសាសន៍ថា មានពេលមួយ គាត់បានជជែកគ្នាលេង ជាមួយបុរសម្នាក់ ដែលមានវ័យចំណាស់ជាងគេ ដែលគាត់ទើបតែណែនាំខ្លួនឲ្យស្គាល់។ លោកគ្រូគង្វាលបានសួរគាត់ថា “តើលោកធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះទេ?” បុរសនោះក៏បានឆ្លើយថា “បាទ ខ្ញុំធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះមែន”។ ពេលនោះ លោកគ្រូគង្វាលរូបនោះក៏បាននឹកចាំ កាលពីក្មេង គាត់ឃើញខ្សែភ្លើងរបស់ក្រុមហ៊ុននោះ ត្រូវបានគេតកាត់ពីលើដីឡូរបស់ឪពុកម្តាយគាត់។ បុរសនោះក៏បានសួរលោកគ្រូគង្វាលថា “តើកាលពីមុន លោកមានទីលំនៅ នៅកន្លែងណា?” ពេលលោកគ្រូគង្វាលឆ្លើយប្រាប់គាត់ គាត់ក៏បាននិយាយថា “ខ្ញុំនៅចាំថា ខ្ញុំមានការពិបាក នៅក្នុងការចងព្យួរផ្លាកសញ្ញាដាស់តឿន នៅលើខ្សែភ្លើង ក្នុងដីឡូមួយកន្លែង។ ព្រោះក្មេងៗចេះតែយកចំពាមកៅស៊ូបាញ់ទម្លាក់ផ្លាកសញ្ញានោះ ម្តងហើយម្តងទៀត”។

ពេលដែលលោកគ្រូគង្វាលទម្លាក់ទឹកមុខ ដោយការអៀនខ្មាស់ បុរសនោះក៏បានសួរគាត់ថា “តើកាលនោះ លោកក៏ជាក្មេងដែលធ្លាប់បាញ់ទម្លាក់ផ្លាកសញ្ញានោះ ជាមួយក្មេងៗដទៃទៀតមែនទេ?” ជាការពិតណាស់ កាលពីក្មេង គាត់ពិតជាបានបាញ់ទម្លាក់ផ្លាកសញ្ញានោះមែន។

លោកគ្រូគង្វាលក៏បានចែកចាយ អំពីរឿងនៃការសារភាពកំហុសកាលពីក្មេង ដោយដាក់ចំណងជើងថា “បាបឯងរាល់គ្នានឹងតាមឯងទាន់”។ គាត់បានដាក់ចំណងជើងនេះ ដោយដកស្រង់ពាក្យសម្តីរបស់លោកម៉ូសេ ក្នុងបទគម្ពីរ ជនគណនា ៣២:២៣ ដែលបានចែងថា “ត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់”។ អំពើបាបដែលយើងមិនទាន់បានដោះស្រាយ អាចនាំឲ្យមានលទ្ធផលដ៏ធ្ងន់ធ្ងរនៅពេលអនាគត។

គឺដូចដែលស្តេចដាវីឌទ្រង់បានធ្វើបទទំនួញ ក្នុងទំនុកដំកើង ជំពូក៣២ថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ”(ខ.៣)។ ប៉ុន្តែ ពេលដែលយើងសារភាពទោសកំហុសរបស់យើង នៅចំពោះព្រះ ទ្រង់ក៏បានស្អាងទំនាក់ទំនងជាមួយយើងឡើងវិញ គឺដូចដែលស្តេចដាវីឌបានមានបន្ទូលថា “ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំ នៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ”(ខ.៥)។ តាមរយៈការសារភាពអំពើបាប នោះយើងអាចទទួលការអត់ទោសបាបពីព្រះ ដោយអំណរ។-Dave Branon