ដោយផ្អែកតាមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យប្រ៊ីសថូលបានឲ្យដឹងថា ស្រមោចថ្មដែលរស់នៅក្នុងទ្វីបអឺរ៉ុប អាចឆ្លាតជាងមនុស្សយើង នៅក្នុងផ្នែកជ្រើសរើសទីលំនៅ។ អ្នកស្រាវជ្រាវបានរកឃើញថា ហ្វូងស្រមោចបានប្រើគ្នាវាដែលជំនាញស៊ើបការ ឲ្យពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់ហ្វូងស្រមោច ជាប់ជានិច្ច។ អ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើល ចំពោះជំនាញទំនាក់ទំនងជាសង្គម ដ៏ស្មុគ្រស្មាញ ដែលពួកវាបានប្រើ ដើម្បីរួមគ្នា ស្វែងរកកន្លែងរស់នៅ ដែលមានទំហំត្រឹមត្រូវ មានភាពងងឹត និងសុវត្ថិភាព ដែលចាំបាច់សម្រាប់ឲ្យមេស្រមោច និងកូនរបស់វារស់នៅ ក្នុងកន្លែងដែលល្អបំផុត។

ក្នុងសម័យលោកម៉ូសេ គ្រួសារទាំងឡាយនៃប្រជាជនអ៊ីស្រាអែលកំពុងត្រូវការកន្លែងថ្មី សម្រាប់តាំងទីលំនៅ។ ពួកគេធ្លាប់រស់នៅ ក្នុងភាពសាហាវព្រៃផ្សៃ នៅទីលានសម្រាប់ឲ្យពួកទាសកររស់នៅ ក្នុងនគរអេស៊ីព្ទ។ ហើយវាលរហោស្ថានស៊ីណាយក៏គ្មានកន្លែងណា ដែលពួកគេចង់រស់នៅដែរ។ តែពួកគេមានបញ្ហាមួយទៀត។ ពួកអ្នកស៊ើបការនៃសាសន៍អ៊ីស្រាអែលបានរាយការថា ទឹកដីសន្យាដែលព្រះកំពុងដឹកនាំពួកគេឲ្យទៅរស់នៅនោះ គឺមានសាសន៍ដទៃកំពុងកាន់កាប់ទឹកដីនោះ  ហើយដោយទីក្រុងទាំងនោះ  មានកំផែងធំ និងមានមនុស្សមាឌធំកំពុងរស់នៅ ធ្វើឲ្យពួកអ្នកស៊ើបការគិតថា ពួកអ៊ីស្រាអែលប្រៀបបាននឹងសត្វកណ្តូប(ជនគណនា ១៣:២៨,៣៣)។

ការប្រៀបធៀបប្រជាជនអ៊ីស្រាអែល ទៅនឹងសត្វកណ្តូប នៅសម័យនោះ អាចនាំឲ្យមានគ្រោះថ្នាក់  តែជួនកាល  ការប្រៀបធៀបខ្លួនឯង  ទៅនឹងសត្វល្អិត អាចមានប្រយោជន៍សម្រាប់យើង។ ស្រមោចថ្មដែលស្វែងរកសំបុក្រថ្មី បានរស់នៅតាមសុភាវគតិ ដែលព្រះអាទិករបានប្រទានឲ្យពួកគេ។ ប៉ុន្តែ យើងច្រើនតែអនុញ្ញាតឲ្យការភ័យខ្លាច រារាំងមិនឲ្យយើងដើរតាម និងទុកចិត្តព្រះ។ ពេលដែលយើងសម្រាក ដោយដឹងច្បាស់ថា ព្រះទ្រង់គង់នៅជាមួយយើង ហើយស្រឡាញ់យើង នោះយើងអាចទូលទ្រង់ថា “ឱព្រះអម្ចាស់អើយ ទ្រង់បានធ្វើជាទីអាស្រ័យនៅរបស់យើងខ្ញុំ នៅអស់ទាំងដំណតមក”។-MART DEHAAN