វិមានប្រវត្តិសាស្ត្រស្ទោនហេញ ត្រូវបានគេសង់ឡើង ដោយប្រើបង្គោលថ្មយក្សបញ្ឈរក្បែរគ្នាជារង្វង់មូល និងស្ថិតក្នុងចំណោមកន្លែងដែលទាក់ទាញទេសចរណ៍ខ្លាំងបំផុត ក្នុងប្រទេសអង់គ្លេស។ វិមានដែលធ្វើពីផ្ទាំងថ្មក្រានីតដ៏ធំៗទាំងនេះ ក៏មានអាថ៌កំបាំងជាច្រើនផងដែរ។ ជារៀងរាល់ឆ្នាំ មនុស្សម្នាបានធ្វើដំណើរទៅមើលវិមានស្ទោនហេញ ដោយការងឿងឆ្ងល់ថា : តើគេសង់វាធ្វើអ្វី? តើនរណាដែលបានសាងសង់វិមាន ដែលជាស្នាដៃវិស្វកម្មដ៏អស្ចារ្យនេះ? ហើយអ្វីដែលយើងឆ្ងល់ជាងគេនោះគឺ តើគេបានសង់វាឡើងដោយរបៀបណា? ប៉ុន្តែ ភ្ញៀវទេសចរណ៍ទាំងឡាយ   គ្រាន់តែបានទៅទស្សនា  ហើយចាកចេញទៅវិញ  ដោយមិនបានទទួលចម្លើយ ពីបណ្តុំផ្ទាំងថ្មដែលមិនចេះនិយាយនោះដដែល។ ដូចនេះ អាថ៌កំបាំង គឺនៅតែជាអាថ៌កំបាំង។

ព្រះគម្ពីរបរិសុទ្ធក៏បានចែងអំពីអាថ៌កំបាំង ដែលកាន់តែអស្ចារ្យជាងនេះទៀត គឺអាថ៌កំបាំងនៃការដែលព្រះទ្រង់យាងមករស់នៅ ជាមនុស្ស ក្នុងចំណោមយើង។ សាវ័កប៉ុលបានសរសេរ ក្នុងបទគម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់   មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដ៏ទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយ៍នេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ”។

ការបកស្រាយដ៏ខ្លីអំពីដំណើរជីវិតរបស់ព្រះគ្រីស្ទ ដែលជាអាថ៌កំបាំងនៃភាពជាព្រះរបស់ទ្រង់ ក្នុងបទគម្ពីរនេះ គឺពិតជាគួរឲ្យកត់សំគាល់ណាស់។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុដែលព្រះអាទិករនៃចក្រវាល បានយាងមករស់នៅ និងសុគត ដើម្បីស្នាព្រះហស្តរបស់ទ្រង់ មិនមែនជារឿងអាថ៌កំបាំងឡើយ។ គឺដូចមានសេចក្តីចែងថា “តែឯព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។ សេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះទ្រង់មានចំពោះយើង ជាឫសគល់ ឬមូលហេតុដែលនាំឲ្យទ្រង់យាងមកសង្រ្គោះយើង ហើយឈើឆ្កាង និងផ្នូររបស់ទ្រង់ ដែលនៅទទេរជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ឲ្យគេរាល់គ្នាយល់ពីក្តីស្រឡាញ់នេះ។-Bill Crowder