សូមយើងស្រមៃថា យើងកំពុងតែឈរប្រកៀកស្មាគ្នា ជាមួយមនុស្សទាំងអស់ក្នុងសហគមន៍របស់អ្នក នៅជើងភ្នំ។ ពេលនោះ មានផ្គរលាន់ និងផ្លេកបន្ទោរព្រៀកៗ ហើយអ្នកក៏បានលឺសន្ធឹកផ្លំត្រែស្នែងលាន់រំពង។ ព្រះទ្រង់ក៏បានយាងចុះមកពីលើកំពូលភ្នំ កាត់តាមភ្លើង។ កន្លែងជួបជុំគ្នានោះក៏បានគ្រប់ដណ្តប់ដោយផ្សែង ភ្នំទាំងមូលក៏ចាប់ផ្តើមកក្រើក ហើយរង្គើរទាំងខ្លួនអ្នកដែរ(និក្ខមនំ ១៩:១៦-២០)។
ពេលពួកអ៊ីស្រាអែលបានទទួលបទពិសោធន៍ដ៏គួរឲ្យស្ញែងខ្លាច នៅក្បែរភ្នំស៊ីណាយ ពួកគេក៏បានអង្វរលោកម៉ូសេថា “សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា តែខ្លួនលោកបានហើយ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះមានព្រះបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់”(២០:១៩)។ កាលនោះ ពួកអ៊ីស្រាអែលកំពុងសូមឲ្យលោកមូសេធ្វើជាបុគ្គលកណ្តាលរវាងពួកគេ ហើយនិងព្រះ។ “ឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយ តែម៉ូសេបានចូលទៅជិតទីងងឹតយ៉ាងក្រាស់ដែលព្រះគង់នៅនោះ”(ខ.២១)។ បន្ទាប់ពីបានជួបជាមួយព្រះអម្ចាស់ លោកម៉ូសេក៏បាននាំព្រះរាជសារទ្រង់ ចុះពីលើភ្នំមក ហើយប្រកាសឲ្យពួកបណ្តាជនបានស្តាប់។
សព្វថ្ងៃនេះ យើងក៏ថ្វាយបង្គំព្រះ ដែលពួកអ៊ីស្រាអែលធ្លាប់ថ្វាយបង្គំនៅសម័យមុន ដែលទ្រង់បានសម្តែងឫទ្ធានុភាពដ៏អស្ចារ្យ នៅលើភ្នំស៊ីណាយ។ ដោយសារព្រះទ្រង់មានសេចក្តីបរិសុទ្ធដ៏ល្អឥតខ្ចោះ ហើយយើងមានពេញដោយអំពើបាប នោះយើងមិនអាចចូលទៅរកទ្រង់បានទេ។ បើយើងចូលទៅដោយពឹងអាងខ្លួនឯង នោះយើងក៏នឹងមានភាពភ័យញ័រ មិនខុសពីពួកអ៊ីស្រាអែលឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានបើកផ្លូវឲ្យយើងស្គាល់ព្រះ ពេលដែលទ្រង់បានទទួលអំពើបាបយើង ហើយសុគតលើឈើឆ្កាង រួចមានព្រះជន្មរស់ឡើងវិញ(១កូរិនថូស ១៥:៣-៤)។ សូម្បីតែនៅពេលសព្វថ្ងៃនេះ ព្រះយេស៊ូវទ្រង់នៅតែធ្វើជាបុគ្គលកណ្តាលរវាងយើងនឹងព្រះដ៏បរិសុទ្ធ និងល្អឥតខ្ចោះ(រ៉ូម ៨:៣៤ ១ធីម៉ូថេ ២:៥) ដើម្បីឲ្យយើងចូលទៅរកព្រះដោយសេរី។-Jennifer Benson Schuldt