ពេលលោកម៉ូសេបានប្រមូលពួកកូនចៅអ៊ីស្រាអែល ឲ្យចាប់ផ្តើមសាងសង់ត្រសាលជំនុំ(និក្ខមនំ ៣៥-៣៩) គាត់បានហៅលោកបេតសាលាល ដែលជាជាងដ៏ចំណាន ឲ្យមកជួយការងារចម្លាក់លម្អរ។ គេក៏បានឲ្យពួកស្រ្តីប្រគល់កញ្ចក់ឆ្លុះមុខធ្វើពីលង្ហិន ដើម្បីយកទៅផលិតចានក្លាំពីលង្ហិន សម្រាប់ប្រើក្នុងត្រសាលជំនុំ(៣៨:៨)។ ពួកគេក៏បានលះបង់កញ្ចក់ឆ្លុះមុខនោះ ដើម្បីជួយរៀបចំឲ្យមានកន្លែង សម្រាប់ឲ្យព្រះវត្តមានព្រះគង់នៅខាងក្នុង។

ចុះបើសិនជាគេឲ្យយើងលះបង់កញ្ចក់ឆ្លុះមុខរបស់យើងវិញ តើយើងនឹងគិតយ៉ាងណា? មនុស្សភាគច្រើនមុខជាមានការពិបាក បើសិនជាពួកគេត្រូវរស់នៅ  ដោយគ្មានកញ្ចក់ឆ្លុះមុខប្រើ។  គេមិនដែលដកហូតកញ្ចក់ឆ្លុះមុខពីយើងទេ  តែការលះបង់របស់ស្ត្រីជនជាតិយូដា បានបង្រៀនយើងថា ការគិតពីសម្រស់ខ្លួនឯងពេក គឺមិនល្អទេ។ វាអាចធ្វើឲ្យយើងគិតពីខ្លួនឯងខ្លាំងពេក ហើយមិនបានគិតពីអ្នកដទៃឲ្យបានគ្រប់គ្រាន់។

ពេលដែលយើងមិនខ្វល់ពីរូបរាង្គរបស់ខ្លួនឯង ដែលយើងបានឃើញក្នុងកញ្ចក់ ហើយនឹកចាំថា ព្រះទ្រង់ស្រឡាញ់យើង ទោះយើងភាពខ្វះចន្លោះយ៉ាងណា នោះយើងអាចចាប់ផ្តើម “ស្វែងរកតែប្រយោជន៍ មិនមែនសម្រាប់តែខ្លួនឯងប៉ុណ្ណោះឡើយ តែត្រូវស្វែងរកប្រយោជន៍អ្នកដទៃផងដែរ”(ភីលីព ២:៤)។

យើងងាយនឹងវង្វេង នៅក្នុងការស្រឡាញ់ខ្លួនឯង តែយើងក៏ងាយនឹងរកឃើញអំណរ ក្នុងការស្រឡាញ់អ្នកដទៃ។ ឬអាចនិយាយបានម្យ៉ាងទៀតថា អាថ៌កំបាំងនៃសុភមង្គល មិនស្ថិតនៅត្រង់ការមានរូបសម្រស់ស្អាតនោះទេ តែស្ថិតនៅត្រង់ការរៀបចំចិត្តឲ្យបានត្រឹមត្រូវ ដោយលះបង់ជីវិត និងអាត្មាខ្លួនឯង ដោយក្តីស្រឡាញ់។-David Roper