ថ្មីៗនេះ កូនប្រុស និងកូនប្រសាររបស់ខ្ញុំ បានទូរស័ព្ទមកប្រាប់ខ្ញុំថា កាលពីពេលយប់ មានសត្វប្រជៀវពីរក្បាល ចូលផ្ទះពួកគេ។ ខ្ញុំដឹងថា សត្វប្រជៀវជាផ្នែកមួយដ៏សំខាន់ ក្នុងប្រព័ន្ធអេកូឡូហ្ស៊ី តែពួកវាមិនមែនជាសត្វដែលខ្ញុំចូលចិត្ត ក្នុងចំណោមស្នាព្រះហស្តទាំងឡាយរបស់ព្រះ ជាពិសេស នៅពេលដែលពួកវាហើរចូលក្នុងផ្ទះខ្ញុំ។ ប៉ុន្តែ ខ្ញុំនិងភរិយាខ្ញុំបានអរព្រះគុណព្រះ ដែលយើងអាចទៅផ្ទះកូនយើង ដើម្បីជួយដេញសត្វប្រជៀវ។ ហើយបានជួយបិទប្រហោងតាមជញ្ជាំងផ្ទះ ព្រោះសត្វប្រជៀវ ប្រហែលជាអាចចូលក្នុងផ្ទះពួកគេ តាមប្រហោងនោះ ក្នុងនាមជាភ្ញៀវដែលមិនបានអញ្ជើញ។

សេចក្តីទុក្ខក៏ជាភ្ញៀវដែលមិនបានអញ្ជើញផងដែរ ដែលចេះតែវាយលុកចូលក្នុងជីវិតយើង។ ពេលយើងមានទុក្ខលំបាក យើងងាយនឹងមានចិត្តតក់ស្លត់ ឬអស់សង្ឃឹម។ ប៉ុន្តែ ស្ថានភាពដ៏ពិបាកទាំងនេះ អាចជាឧបករណ៍ ដែលព្រះវរបិតានៃយើង បានប្រើដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ។

ហេតុនេះហើយ បានជាសាវ័កយ៉ាកុបបានសរសេរថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”(យ៉ាកុប ១:២-៤)។

ពេលយើងមានទុក្ខព្រួយ ឬការឈឺចាប់ យើងមិនត្រេកអរសប្បាយទេ។ ប៉ុន្តែ ពេលដែលទុក្ខព្រួយ ដែលជាភ្ញៀវដែលមិនបានអញ្ជើញទាំងនោះ បានមកដល់ យើងអាចមើលទៅព្រះហស្តព្រះ ដែលកំពុងគ្រប់គ្រង ហើយជឿជាក់ថា ទ្រង់អាចប្រើប្រាស់ទុក្ខលំបាកទាំងនោះ ដើម្បីជួយឲ្យយើងមានលក្ខណៈកាន់តែដូចព្រះរាជបុត្រាទ្រង់។-Bill Crowder