នៅសម័យដំបូង នៃវិស័យខ្សែភាពយន្ត ក្រុមសីល្បៈករហ្វូលេយ(Foley)បានរកឃើញវិធីបង្កើតសម្លេង ដើម្បីបញ្ចូលក្នុងខ្សែភាពយន្ត។ ពួកគេបានយកថង់ស្បែកច្រកម្សៅពោត ហើយច្របាច់ថង់នោះ បង្កើតជាសម្លេងព្រឹល ដែលលាន់ប្រឹបៗ ហើយពួកគេយកស្រោមដៃមួយគូមករលាស់ ធ្វើជាសម្លេងបក្សីរលាស់ស្លាបហើរ។ ម្យ៉ាងទៀត ពួកគេបានយករំពាត់មកគ្រវាត់ចុះឡើង បង្កើតសម្លេង វូហ វូហ។ ដើម្បីឲ្យខ្សែភាពយន្តមើលទៅមានលក្ខណៈធម្មជាតិពិតៗ សីល្បៈករទាំងនេះបានប្រើបច្ចេកទេសដ៏ប៉ិនប្រសប់ ដើម្បីបង្កើតសម្លេងឲ្យដូចធម្មជាតិ។

គេក៏អាចក្លែងសារ ឲ្យមានលក្ខណៈដូចសារដើមផងដែរ គឺមិនខុសពីការធ្វើសម្លេង សម្រាប់បញ្ចូលក្នុងកុនឡើយ។ វិធីសាស្រ្តមួយ ក្នុងចំណោមវីធីសាស្រ្តដែលសាតាំងបានប្រើញឹកញាប់បំផុត ដើម្បីបោកបញ្ឆោតយើង គឺវាបានក្លែងព្រះរាជសារព្រះ តាមរបៀបដែលនាំឲ្យគ្រោះថ្នាក់ខាងវិញ្ញាណ។ បានជាសាវ័កប៉ុលបានដាស់តឿនពួកជំនុំ ក្នុងបទគម្ពីរ ២កូរិនថូស ១១:១៣-១៤ ថា “ដ្បិតមនុស្សយ៉ាងនោះជាសាវ័កក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវ័កនៃព្រះគ្រីស្ទទេ ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ”។ សាវ័កប៉ុលបានដាស់តឿនយើង អំពីពួកគ្រូបង្រៀនក្លែងក្លាយ ដែលនាំឲ្យយើងវង្វេងចេញពីព្រះយេស៊ូវគ្រីស្ទ និងចេញពីព្រះរាជសារនៃព្រះគុណរបស់ទ្រង់។

ព្រះយេស៊ូវបានមានបន្ទូលថា គោលបំណងដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង គឺដើម្បី “កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត”(យ៉ូហាន ១៦:១៣)។ ដោយមានជំនួយ និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចរកឃើញសេចក្តីពិត ក្នុងលោកិយ ដែលមានពេញដោយការក្លែងបន្លំសារ។-Bill Crowder