លោកចច បឺន(George Burns) ជាសីល្បៈករជនជាតិអាមេរិក និងអ្នកនិពន្ធរឿងកំប្លែង បានមានប្រសាសន៍ថា “បើអ្នកសួរថា តើអ្វីជាគន្លឹះសំខាន់បំផុត ដើម្បីឲ្យមានអាយុវែង? ខ្ញុំនឹងឆ្លើយប្រាប់ថា ដើម្បីឲ្យមានអាយុវែង យើងត្រូវជៀសវាងការព្រួយបារម្ភ ភាពតប់ប្រមល់ និងភាពតានតឹងក្នុងចិត្ត។ ហើយទោះអ្នកមិនសួរខ្ញុំ ក៏ខ្ញុំនៅតែឆ្លើយប្រាប់ដូចនេះ”។ លោកបឺនបានរស់នៅដល់អាយុ១០០ឆ្នាំ។ គាត់ចូលចិត្តធ្វើឲ្យគេសើច ហើយធ្វើតាមយោបលគាត់។
ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចជៀសវាងការព្រួយបារម្ភបាន នៅពេលដែលជីវិតយើងមានភាពមិនច្បាស់លាស់ មានបញ្ហា និងមានតម្រូវការជាច្រើនយ៉ាងនេះ? សាវ័កពេត្រុសបានលើកទឹកចិត្ត ឲ្យអ្នកដើរតាមព្រះយេស៊ូវឈប់មានការព្រួយបារម្ភ ខណៈពេលដែលពួកគេរស់នៅរាយប៉ាយ ដោយសារការបៀតបៀន ក្នុងតំបន់អាស៊ី ក្នុងសតវត្សរ៍ទី១។ គឺដូចដែលគាត់មានប្រសាសន៍ថា “ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា”(១ពេត្រុស ៥:៦-៧)។
ត្រង់ចំណុចនេះ សាវ័កពេត្រុសមិនបានបង្រៀនគេ ឲ្យខំជៀសចេញពីសេចក្តីទុក្ខនោះឡើយ(ខ.៩) ផ្ទុយទៅវិញ គាត់បានបង្រៀនគេឲ្យរកឃើញសន្តិភាព និងកម្លាំង ដើម្បីឈ្នះការវាយប្រហាររបស់សាតាំង(ខ.៨-១០)។ យើងមិនត្រូវបណ្តោយខ្លួនឲ្យមានការថប់បារម្ភ និងភ័យព្រួយឡើយ ព្រោះព្រះទ្រង់បានប្រោសយើងឲ្យរួច ដើម្បីឲ្យបានអរសប្បាយនឹងសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើង ហើយបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ដល់គ្នាទៅវិញទៅមក។
យើងមិនត្រូវដាក់គោលដៅថា យើងនឹងរស់នៅឲ្យបានប៉ុន្មានឆ្នាំឡើយ តែផ្ទុយទៅវិញ យើងត្រូវដាក់គោលដៅថា នឹងរស់នៅ ដោយជីវិតពេញបរិបូរ ក្នុងការបម្រើព្រះអម្ចាស់ ដោយក្តីស្រឡាញ់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលយើងនៅសល់។-David MacCasland