ន្ទាប់ពីលោកធែររី(Terry) បានធ្វើដំណើរផ្លូវ​ឆ្ងាយ ទៅធ្វើ​ជំនួញ គាត់ចង់ទៅទិញអំណោយតូចៗ ផ្ញើកូនៗរបស់គាត់។ អ្នកលក់វត្ថុអនុស្សាវរីយ៍ នៅអាកាសយាន្តដ្ឋានក៏បានលើកទឹកចិត្តគាត់ ឲ្យទិញរបស់ថ្លៃៗមួយជំនួន។ គាត់ក៏បានប្រាប់គេថា គាត់មិនមានលុយសម្រាប់ទិញរបស់ថ្លៃៗដូចនេះទេ ហើយគាត់ត្រូវការរបស់ដែលធូរថ្លៃជាងហ្នឹង។ ពេលនោះ អ្នកលក់ក៏បានព្យាយាមធ្វើគាត់យល់ថា គាត់មានភាពកំណាញ់។ ប៉ុន្តែ លោកធែររីដឹងថា កូនៗរបស់គាត់នឹងនៅតែសប្បាយចិត្ត ទោះគាត់ទិញរបស់អ្វីឲ្យពួកគេក៏ដោយ ព្រោះគាត់បានធ្វើ ដោយចិត្តដែលមានក្តីស្រឡាញ់។ ហើយគាត់ពិតជាគិតត្រូវ ព្រោះពួកគេសុទ្ធតែស្រឡាញ់អំណោយដែលគាត់បានទិញឲ្យ​។

ក្នុងអំឡុងពេលដែលព្រះយេស៊ូវទៅលេងភូមិបេថានី ជាលើកចុងក្រោយ នាងម៉ារាចង់បង្ហាញក្តីស្រឡាញ់ចំពោះទ្រង់(ម៉ាកុស ១៤:៣-៩)។ បានជានាងយក “​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​ដំឡៃ​ណាស់ យក​មក​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះសិរ​ព្រះយេស៊ូវ”(ខ.៣)។ តែ​កាល​ពួក​សិស្ស​ទ្រង់​ឃើញ គេ​ក៏​នឹក​តូច​ចិត្ត ហើយ​និយាយ​ថា “ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?”(ម៉ាថាយ ២៦:៨) ព្រះយេស៊ូវក៏បានប្រាប់ពួកគេ កុំឲ្យបង្អាក់ទឹកចិត្តនាងឡើយ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ទ្រង់​ណាស់(ម៉ាកុស ១៤:៦)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងអំណោយរបស់នាង ដ្បិតនាងបានធ្វើថ្វាយទ្រង់ ដោយសេចក្តីស្រឡាញ់។ ដូចនេះ សូម្បីតែការចាក់ប្រេងថ្វាយទ្រង់ សម្រាប់ការត្រៀមបញ្ចុះព្រះសពទ្រង់ ក៏ជាការល្អដល់ទ្រង់ដែរ ព្រោះគេបានធ្វើដោយក្តីស្រឡាញ់។

តើអ្នកចង់ថ្វាយអ្វីដល់ព្រះយេស៊ូវ ដើម្បីបង្ហាញក្តីស្រឡាញ់របស់អ្នក? តើអ្នកនឹងផ្តល់ឲ្យនូវពេលវេលា អំណោយទាន និងទ្រព្យសម្បត្តិដល់ទ្រង់ឬទេ? ដរាបណា អ្នកថ្វាយទ្រង់ដោយក្តីស្រឡាញ់ នោះទ្រង់សព្វព្រះទ័យនឹងទទួលពីអ្នកជានិច្ច ទោះអំណោយនេះមានតម្លៃថ្លៃ ឬថោក ឬមួយអ្នកដទៃមិនឲ្យតម្លៃក៏ដោយ។ របស់អ្វីក៏ដោយ ដែលអ្នកថ្វាយទ្រង់ដោយចិត្ត ដែលស្រឡាញ់ សុទ្ធតែជាការដ៏ល្អដល់ទ្រង់ហើយ។-Anne Cetas