លោកគ្រីស ហ៊ែឌហ្វៀល(Chris Hadfield) ដែលជាអាកាសយាន្តនិកជនជាតិកាណាដា ធ្លាប់បានពិពណ៌នា អំពីការជិះរ៉ុកកែតដែលគេបាញ់បង្ហោះចូលទៅក្នុងទីអវកាស ដោយប្រើពាក្យ សម្លេងទ្រហឹង ការញ័ររញ្ជួយ សំពាធ ដំភ្លើង។ ពេលដែលរ៉ុកកែតនោះហោះចេញពីផែនដី ឆ្ពោះទៅរកស្ថានីយអវកាសអន្តរជាតិ ទម្ងន់នៃទំនាញដីមានការកើនឡើង ហើយការដកដង្ហើមប្រែជាមានការពិបាក។ ពេលដែលគាត់គិតថា គាត់ហៀបនឹងដាច់ខ្យល់ហើយ រ៉ុកកែតនោះក៏បានរំដោះខ្លួនចូលទៅក្នុងទីដែលអ្វីៗប្រែជាគ្មានទម្ងន់។ គាត់មិនបានបាត់បង់ស្មារតីឡើយ ផ្ទុយទៅវិញគាត់បែរជាអស់សំណើច។
ការពិពណ៌នារបស់គាត់ បានធ្វើឲ្យខ្ញុំនឹកឃើញថ្ងៃដែលម្តាយរបស់ខ្ញុំ ជិតដល់ពេលលាចាកលោក។ ភាពធ្ងន់ធ្ងរនៃជីវិតមានការកើនឡើង រហូតដល់ពេលដែលគាត់លែងមានកម្លាំងដកដង្ហើមទៀត។ ពេលនោះគាត់ក៏បានរួចផុតពីការឈឺចាប់ ហើយក៏បានចូលទៅក្នុង “ភាពគ្មានបន្ទុក” នៃនគរស្ថានសួគ៌។ ខ្ញុំចូលចិត្តគិតថា គាត់បានសើចដោយអំណរ ពេលគាត់បានដកដង្ហើមជាលើកដំបូង ក្នុងព្រះវត្តមានព្រះយេស៊ូវ នៅនគរស្ថានសួគ៌។ រឿងនេះ ក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីកាលដែលព្រះយេស៊ូវទ្រង់ជិតអស់ព្រះជន្ម នៅពេលរសៀលថ្ងៃសុក្រ។ ព្រះទ្រង់បានដាក់ទម្ងន់នៃអំពើបាបនៃលោកិយទាំងមូល មកលើព្រះអង្គទ្រង់ គឺអំពើបាបពីអតីតកាល ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ហើយទ្រង់ក៏ដកដង្ហើមលែងរួច។ បន្ទាប់មក ទ្រង់មានបន្ទូលថា “ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ”(លូកា ២៣:៤៦)។ បន្ទាប់ពីទ្រង់បានថប់ដង្ហើម ដោយទម្ងន់នៃអំពើបាបរបស់យើង ព្រះយេស៊ូវទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ ហើយសព្វថ្ងៃនេះ ទ្រង់មានព្រះជន្មគង់នៅ ដោយអំពើបាប និងសេចក្តីស្លាប់គ្មានអំណាចលើទ្រង់ឡើយ។ អ្នកដែលទទួលជឿព្រះគ្រីស្ទ នឹងបានទៅនៅជាមួយទ្រង់ នៅថ្ងៃណាមួយ ហើយនៅថ្ងៃនោះ តើយើងនឹងក្រឡេចមកមើលជីវិតរបស់យើងនៅលើផែនដី ហើយសើចដោយអំណរឬទេ?-Lulie Ackerman Link