ជារៀងរាល់ថ្ងៃ បុរសជាឪពុកបានទន្ទឹងរង់ចាំកូនប្រុសត្រឡប់មកវិញ ដោយខំមើលផ្លូវពីចម្ងាយ ក្រែងលោឃើញកូនប្រុសមក។ ហើយជារៀងរាល់យប់ គាត់បានចូលដំណេកទាំងក្តីទោមនស្ស។ តែថ្ងៃមួយ គាត់ក៏បានឃើញមនុស្សម្នាក់ មានរូបព្រាលៗ កំពុងដើរមកពីចម្ងាយ នៅពេលថ្ងៃភ្លឺចែស។ បុរសជាឪពុកក៏បានសួរខ្លួនឯងថា ម្នាក់នេះជាកូនប្រុសខ្ញុំទេដឹង? បន្ទាប់មក គាត់ក៏បានខំមើលឲ្យច្បាស់ ក៏ចំណាំភិនភាគ។ គាត់ក៏លាន់មាត់ថា “កូនពុក!”
លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូនប្រុសគាត់(លូកា ១៥:២០)។ នេះជារឿងដែលគួរឲ្យកត់សម្គាល់ណាស់ ដែលបុរសជាចាស់ទុំ នៅក្នុងគ្រួសារ បានរត់ទៅរកកូនប្រុសខ្លួន ជាទង្វើដែលគេរាប់ថា គ្មានភាពថ្លៃថ្នូរ ក្នុងវប្បធម៌នៅតំបន់មជ្ឈិមបូព៌ា។ បុរសជាឪពុកពេញដោយអំណរឥតឧបមា ពេលកូនប្រុសគាត់បានត្រឡប់មកវិញ។
កូនប្រុសគាត់មិនសក្តិសមនឹងឲ្យគាត់ ទទួលស្វាគមន៍យ៉ាងដូចនេះទេ។ ពេលដែលកូនប្រុសម្នាក់នេះ បានសុំឪពុកខ្លួន ឲ្យចែកកេរមរតកឲ្យខ្លួន ហើយចាកចេញពីផ្ទះបាត់ គឺមិនខុសពីការប្រាថ្នាឲ្យឪពុកខ្លួនស្លាប់នោះឡើយ។ ប៉ុន្តែ ទោះកូនប្រុសគាត់ បានធ្វើអ្វីចំពោះគាត់ក៏ដោយ ក៏គាត់នៅតែរាប់វាជាកូនរបស់គាត់ដដែល(ខ.២៤)។
រឿងប្រៀបប្រដូចនេះ បានរំឭកខ្ញុំថា ព្រះទ្រង់បានទទួលស្គាល់ខ្ញុំជាកូន ដោយសារព្រះគុណទ្រង់ មិនមែនដោយសារការប្រព្រឹត្តរបស់ខ្ញុំទេ។ ការនេះបានធានាខ្ញុំថា ទោះខ្ញុំបានផុងខ្លួនជ្រៅយ៉ាងណាក៏ដោយ ក៏ព្រះគុណព្រះនៅតែអាចឈោងចាប់ ហើយលើកខ្ញុំឡើង។ ព្រះវរបិតានៃយើងកំពុងតែរង់ចាំ រត់ទៅទទួលកូនរបស់ទ្រង់ ដោយព្រះហស្តបើកចំហរជានិច្ច។-Poh Fang Chia