កាលពីឆ្នាំ ១៩៨៦ មានអ្នកផ្សាយដំណឹងល្អ និងអ្នកដឹកនាំគ្រីស្ទបរិស័ទ ជាង១០ម៉ឺននាក់ បានអង្គុយក្នុងសាលមហោស្រពដ៏ធំមួយ ក្នុងក្រុងអាំស្ទើដាំ ដើម្បីស្តាប់ការអធិប្បាយរបស់លោកប៊ីលីក្រាហាំ ដែលជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ។ កាលនោះ ខ្ញុំក៏បានអង្គុយស្តាប់ ក្នុងចំណោមពួកគេផងដែរ ពេលដែលគាត់ចែកចាយបទពិសោធន៍របស់គាត់។ បន្ទាប់មក ខ្ញុំមានការភ្ញាក់ផ្អើល ពេលឮគាត់និយាយថា “ខ្ញុំសូមជម្រាបបងប្អូនថា : ជារៀងរាល់ពេលដែលខ្ញុំឈរ នៅចំពោះពួកជំនុំរបស់ព្រះ ដើម្បីចែកចាយព្រះបន្ទូល ខ្ញុំតែងតែញ័រខ្លួន ហើយជង្គង់ខ្ញុំក៏រញ្ជួយ!”។
ពេលឮដូចនេះ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកចែកចាយព្រះបន្ទូលដ៏ល្បីល្បាញ ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ប៉ះពាល់ចិត្ត ដោយសារការអធិប្បាយព្រះបន្ទូលដ៏មានអំណាចចេស្តារបស់ព្រះ តែបែរជាញ័រខ្លួន និងញ័រជង្គង់ដូចនេះ? បន្ទាប់មក គាត់ក៏បកស្រាយថា គាត់មិនមានការភ័យខ្លាច ពេលឡើងលើឆាកនោះឡើយ តែគាត់មានអារម្មណ៍ថា ខ្លួនជាមនុស្សតូចតាចណាស់ គឺមិនសក្តិសមនឹងបំពេញកិច្ចការដ៏ធំនេះ ថ្វាយព្រះទេ។ ហេតុនេះហើយ បានជាគាត់ពឹងផ្អែកលើព្រះ ដើម្បីឲ្យមានកម្លាំង គឺមិនបានពឹងផ្អែកលើថ្វីមាត់របស់គាត់ឡើយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីលោកម៉ូសេ ពេលដែលព្រះចាត់គាត់ ឲ្យទៅរំដោះប្រជាជនអ៊ីស្រាអែល ឲ្យរួចពីភាពជាទាសករ ក្នុងនគរអេស៊ីព្ទ ដែលមានរយៈពេលជាង៤០០ឆ្នាំ។ កាលនោះ គាត់មានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាពដឹកនាំពួកគេឡើយ បានជាគាត់អង្វរព្រះអម្ចាស់ ឲ្យចាត់អ្នកផ្សេងវិញ ដោយគាត់យកលេសថា គាត់មិនមែនជាមនុស្សមានថ្វីមាត់ទេ(មើល និក្ខមនំ ៤:១០,១៣)។ យើងប្រហែលជាមានអារម្មណ៍ភ័យខ្លាចស្រដៀងពួកគេផងដែរ ពេលដែលព្រះត្រាសហៅយើង ឲ្យធ្វើការអ្វីមួយថ្វាយទ្រង់។ តែទ្រង់បានលើកទឹកចិត្តលោកម៉ូសេ ព្រមទាំងយើងរាល់គ្នាផងដែរថា “ដូច្នេះ ចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង”(ខ.១២)។
ក្នុងសនិ្នសីទថ្ងៃនោះ លោកប៊ីលីក្រាហាំ បានមានប្រសាសន៍ថា “ពេលព្រះទ្រង់ត្រាសហៅអ្នក ចូរកុំខ្លាចឡើយ បើសិនជាអ្នកញ័រខ្លួន និងរញ្ជួយក្បាលជង្គង់នោះ ដ្បិតទ្រង់នឹងគង់នៅជាមួយអ្នកជានិច្ច”។-Lawrence Darmani