បច្ចេកវិទ្យាមានប្រយោជន៍ជាច្រើនរាប់មិនអស់ សម្រាប់មនុស្សសម័យថ្មី។ សម្រាប់អ្នកដែលមានអ៊ីនធឺណេតប្រើ ពួកគេអាចបើកមើលអ៊ីនធឺណេត ស្វែងរកពត៌មាន អំពីសុខភាពភ្លាមៗ ហើយពួកគេអាចទំនាក់ទំនងមិត្តភក្តិណាម្នាក់ភ្លាមៗ តាមរយៈទូរស័ព្ទ ផ្ញើសារ ឬតាមរយៈហ្វេសប៊ុកជាដើម។ តែពេលខ្លះ បច្ចេកវិទ្យាក៏អាចធ្វើឲ្យយើងមានការនឿយណាយផងដែរ។ កាលពីថ្ងៃមុន ពេលខ្ញុំចង់បើកមើលគណនីយធនាគារបស់ខ្ញុំ តាមអ៊ីនធឺណេត មានសំណួរសុវត្ថិភាពជាច្រើន ដែលខ្ញុំត្រូវឆ្លើយ មុននឹងគេអនុញ្ញាតឲ្យខ្ញុំចូលមើល។ ដោយសារខ្ញុំមិនចំាច្បាស់ អំពីចម្លើយទាំងអស់នោះ គេក៏បានបិទមិនឲ្យខ្ញុំចូលមើលគណនីយធនាគារបស់ខ្ញុំ នៅពេលនោះតែម្តង។ ម្យ៉ាងទៀត យើងអាចគិតអំពីការពិបាក នៅពេលដែលការទំនាក់ទំនងបានដាច់ ដោយសារទូរស័ព្ទអស់ថ្ម ហើយមិនអាចទំនាក់ទំនងឡើងវិញ ទាល់តែយើងរកឃើញឆ្នាំងសាកថ្មទូរស័ព្ទ។
ហេតុនេះហើយបានជាខ្ញុំមានអំណរ ដោយដឹងថា ពេលខ្ញុំចូលទៅរកព្រះ ដោយការអធិស្ឋាន ខ្ញុំមិនចាំបាច់ត្រូវឆ្លើយសំណួរសុវត្ថិភាពអ្វីឡើយ ហើយក៏មិនត្រូវការថ្មទូរស័ព្ទដែរ។ ខ្ញុំចូលចិត្តបទគម្ពីរយ៉ូហានខ្សែទីមួយ ដែលបានធានាយើងថា “យើងក៏មានសេចក្តីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម”(១យ៉ូហាន ៥:១៤)។
យើងអាចចូលទៅរកព្រះអម្ចាស់បានគ្រប់ពេល ដ្បិតទ្រង់មិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ(ទំនុកដំកើង ១២១:៤)។ ហើយសូមអរព្រះគុណទ្រង់ ដែលដោយសារសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង នោះទ្រង់តែងតែផ្ទៀងព្រះកាណ៍រង់ចាំស្តាប់យើងអធិស្ឋានជានិច្ច។-Joe Stowell