នៅពេលព្រឹកថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា គ្រួសារខ្ញុំហាក់ដូចជា មានការទាមទារមកលើខ្ញុំខ្លាំងពេក ខណៈពេលដែលខ្ញុំត្រូវជួយរកក្រវ៉ាត់ករពណ៌ខៀវរបស់ស្វាមីខ្ញុំផង ហើយទន្ទឹមនឹងនោះ ត្រូវបញ្ចុកអាហារដល់កូនតូចដែលកំពុងយំផង និងត្រូវព្យាយាមស្វែងរកគ្រឿងលេងរបស់កូនម្នាក់ទៀត អាយុ២ឆ្នាំ នៅក្រោមគ្រែគេងរបស់វា ក្នុងពេលតែមួយទៀត។ ខ្ញុំក៏បានលាន់មាត់ថា “ខ្ញុំមិនមែនជាខ្ញុំបម្រើទេ!”
ក្រោយមក ក្នុងថ្ងៃដដែល ពេលខ្ញុំកំពុងអានព្រះគម្ពីរ ខ្ញុំក៏បានអានដល់ខគម្ពីរដែលចែងថា “ដ្បិតតើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបំរើ តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬអី ប៉ុន្តែ ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ”(លូកា ២២:២៧)។
ព្រះយេស៊ូវទ្រង់ជាព្រះ ដូចនេះ ទ្រង់មិនគួរលាងជើងឲ្យពួកសាវ័កទេ តែទ្រង់បានស្ម័គ្រព្រះទ័យលាងជើងឲ្យពួកគេ(យ៉ូហាន ១៣:៥)។ មានតែពួកខ្ញុំបម្រើទេដែលត្រូវធ្វើកិច្ចការនេះ ប៉ុន្តែ ព្រះយេស៊ូវបានសម្រេចព្រះទ័យបម្រើពួកគេ។ សង្គមសព្វថ្ងៃ តែងតែជម្រុញឲ្យយើងខិតខំស្វែងរកមុខមាត់។ បានជាយើងចង់មានការងារដែលមានប្រាកខែច្រើន និងមានមុខតំណែងខ្ពស់ជាងគេក្នុងក្រុមហ៊ុន ឬអង្គការ ហើយធ្វើជាអ្នកដឹកនាំកំពូលក្នុងពួកជំនុំជាដើម។ ប៉ុន្តែ ទោះយើងមានមុខតំណែងអ្វីក៏ដោយ ក៏យើងអាចរៀនបម្រើ តាមគំរូព្រះសង្រ្គោះនៃយើង។
យើងមានតួនាទីខុសៗគ្នា។ ខ្លះមាននាទីជាឪពុកម្តាយ ខ្លះមាននាទីជាកូន មិត្តភក្តិ អ្នកធ្វើការ អ្នកដឹកនំា ឬសិស្ស។ តែយើងត្រូវសួរខ្លួនឯងថា តើយើងកំពុងប្រើប្រាស់តួនាទីនោះ ដោយអត្តចរិតជាអ្នកបម្រើឬទេ? ទោះជួនកាល កិច្ចការដែលខ្ញុំធ្វើប្រចាំថ្ងៃ មានភាពនឿយហត់ក៏ដោយ ក៏ខ្ញុំនៅតែអរព្រះគុណព្រះអម្ចាស់ ដែលទ្រង់នឹងជួយខ្ញុំ ព្រោះខ្ញុំពិតជាចង់យកតម្រាប់តាមទ្រង់ ហើយស្ម័គ្រចិត្តបម្រើអ្នកដទៃ។
សូមព្រះទ្រង់ជួយយើង ឲ្យអាចបម្រើអ្នកដទៃ ជារៀងរាល់ថ្ងៃ ដោយអំណរ។-Keila Ochoa